(សេអ៊ូល)៖ នៅបន្ទាប់ពីទទួលបរាជ័យ ២លើក ក្នុងការបាញ់​បង្ហោះផ្កាយរណបស៊ើបការណ៍កន្លងមក កូរ៉េខាងជើងកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ បានប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់ខ្លួន យកទៅដាក់នៅគន្លងផែនដី។ ការអះអាងពីជោគជ័យរបស់ កូរ៉េខាងជើង ជាការដើរមុនមួយជំហានលើកូរ៉េខាងត្បូង ដែលកំពុងត្រៀមបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងបរិបទដែលក្រុមអ្នកជំនាញចាត់ទុកថានេះជាការចាប់ផ្ដើមនៃការរត់ប្រណំាងបច្ចេកវិទ្យាផ្កាយរណបស៊ើបការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េ។

ការកាន់កាប់ផ្កាយរណបស៊ើបការណ៍ អាចនឹងជួយធ្វើឱ្យសមត្ថភាពយោធាកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាន់តែមានភាពប្រសើរឡើងរៀងៗខ្លួនទាំង ក្នុងការការពារខ្លួន និងការវាយប្រហារលើសត្រូវ។ សម្រាប់កូរ៉េខាងត្បូង ព័ត៌មានបានពីផ្កាយរណបស៊ើបការណ៍មានសារៈសំខាន់បំផុតសម្រាប់ប្រព័ន្ធ «Kill Chain» ដែលជាប្រព័ន្ធវាយប្រហារបង្ការជាមុនលើសត្រូវត្រូវបានអភិវឌ្ឍឡើង ដើម្បីវាយប្រហារប្រឆាំងនឹងឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងករណី សង្រ្គាមផ្ទុះឡើង។ មិនតែប៉ុណ្ណោះ មានសមត្ថភាពដឹង ឬអាចកំណត់ពីទីកន្លែងស្ថិតនៅរបស់មេដឹកនាំកូរ៉េខាងជើង នឹងផ្ដល់ប្រយោជន៍យ៉ាងធំនូ​វការកំញើញ ដ៏ខ្លាំងក្លាសម្រាប់កូរ៉េខាងត្បូង។ ចំណែក កូរ៉េខាងជើងវិញដែលតែងតែព្រួយបារម្ភពីការឈ្លានពានពីសហរដ្ឋអាមេរិក អាចទទួលបានព័ត៌មានជាមុនពី សកម្មភាពយោធាណាមួយប្រឆាំងនឹងតំបន់ព្រំដែនរបស់ខ្លួន ហើយប្រសិនបើសង្រ្គាមផ្ទុះឡើង ផ្កាយរណបអាចជួយឱ្យភាគីទាំងសងខាងកំណត់ទីតាំង និងបំផ្លាញកងទ័ពគ្នាទៅវិញទៅមក។

តែទោះជាបែបនេះក្ដី ការប្រើប្រាស់ផ្កាយរណបតែមួយគ្រឿង គឺមានដែនកំណត់ ដោយសារតែការប្រមូលព័ត៌មានជាក់លាក់គឺតម្រូវឱ្យមានលក្ខណៈជាបណ្ដាញ។ កូរ៉េខាងត្បូង ធ្លាប់បានប្រកាសពីផែនការបាញ់បង្ហោះផ្កាយរណប ៥គ្រឿង នៅត្រឹមឆ្នាំ២០២៥។ លោក គីម ជុងអ៊ុន កាលពីឆ្នាំ២០២២ បាននិយាយថាលោក បានបញ្ជាឱ្យក្រុមអ្នកវិទ្យាកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ក្នុងចំនួនដ៏ច្រើន។ កូរ៉េទាំង២បានប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប រាប់ទសវត្សរ៍មកហើយ តែដើរតាមជំហានខុសគ្នា។ កន្លងមក ដោយសារបារម្ភពីការផ្ទុះការរត់ប្រណាំងសព្វាវុធនៅលើឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៧៩ ឱ្យទទួលយកការរឹតត្បិតលើបច្ចេកវិទ្យាគ្រាប់រ៉ុក្កែត ដែលអាចត្រូវបានប្រើប្រាស់បានទាំងសម្រាប់ការបាញ់បង្ហោះ ផ្កាយរណប និងបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគ។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានសុខចិត្តផ្តោតតែទៅលើផ្កាយរណប និងបច្ចេកវិទ្យាផ្ដិតរូបភាពពីលើអាកាស ដែលនេះធ្វើឱ្យក្រុមអ្នកជំនាញខ្លះយល់ថាផ្កាយរណបស៊ើបការណ៍ដំបូងបំផុតណាមួយរបស់កូរ៉េខាងត្បូង អាចនឹងមានសមត្ថភាពខ្ពស់ជាងផ្កាយរណបរបស់ កូរ៉េខាងជើង។

សមត្ថភាពបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងត្បូង នៅតែមានកម្រិតនៅឡើយ បើទោះជាសហរដ្ឋអាមេរិកបានបន្ធូរបន្ថយការរឹតត្បិត ក្នុងឆ្នាំ២០០១ និងលុបចោលការរឹតត្បិតក្នុងឆ្នាំ២០២១ក៏ដោយ។ ជាក់ស្ដែង ក្រុមហ៊ុនអាមេរិក SpaceX នឹងទទួលបន្ទុកបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់ កូរ៉េខាងត្បូងទៅដាក់នៅគន្លងផែនដី។ តាមក្រុមអ្នកវិភាគលោកខាងលិច កម្មវិធីផ្កាយរណបរបស់កូរ៉េខាងជើងមានទំនាក់ទំនងផ្សារភ្ជាប់គ្នានឹងកម្មវិធីមីស៊ីល បាលិស្ទីគ។ កូរ៉េខាងជើង ធ្លាប់បានបាញ់បង្ហោះផ្កាយរណបធម្មតាចំនួន២ ទៅកាន់គន្លងផែនដី តែគេនៅតែមានការសង្ស័យពីសមត្ថភាព និងប្រតិបត្តិការនៃ ផ្កាយរណបទាំងនេះ។

ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ត្រូវបានអ្នកជំនាញភាគច្រើនយល់ថានឹងបង្កើនភាពតានតឹង ឬធ្វើឱ្យតំបន់ឧបទ្វីបកូរ៉េកាន់តែមានគ្រោះថ្នាក់ ដោយសារតែការរត់ប្រណាំងសព្វាវុធ។ ប៉ុន្តែ អ្នកជំនាញដូចជាលោក Ankit Panda មកពីវិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បែរជាយល់ថាការរត់ប្រណាំងខាងទីអវកាស ដូចជាបច្ចេកវិទ្យាផ្កាយរណប មិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ដោយ មិនត្រឹមតែនឹងធ្វើឱ្យសមត្ថភាពយោធាកូរ៉េខាងជើងកាន់តែប្រសើរប៉ុណ្ណោះទេ តែវាក៏អាចជួយបង្កើនស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េដែរ។ ដ្បិតប្រសិនបើ កូរ៉េខាងជើង បានដឹង ឬយល់យ៉ាងច្បាស់ពីសកម្មភាពយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ នោះ «វាអាចនឹងជួយទប់ស្កាត់ការស្មានខុសថាសកម្មភាពយោធាធម្មតា គឺជាការបើកការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង ដែលអាចនឹងធ្វើឱ្យសង្រ្គាមផ្ទុះឡើង»។ លោក Panda បានកត់សម្គាល់ដូច្នេះថា «ដោយសារតែកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ខ្ញុំយល់ស្របឱ្យកូរ៉េខាងជើងមានផ្កាយរណប ដែលប្រៀបដូចជាភ្នែក និងត្រចៀក គឺជារឿងល្អ ជាជាងប្រឆាំងជំទាស់»។

គួរបញ្ជាក់ថា ចារកម្មកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានទទួលស្គាល់ពីជោគជ័យរបស់កូរ៉េខាងជើង ដោយមានការជួយពីរុស្ស៉ី បន្ទាប់ពី លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីកាលពីខែកញ្ញាកន្លងទៅ ជាទីដែលលោកបានជួបជាមួយលោក ពូទីន និងទទួលបានពាក្យសន្យាពីមេដឹកនាំរុស្ស៉ី ថាមូស្គូនឹងជួយកូរ៉េខាងជើងអភិវឌ្ឍកម្មវិធីផ្កាយរណប។ ប៉ុន្តែ ពួកគេថាត្រូវការពេលវេលាបន្ថែមដើម្បីវាយតម្លៃថាតើផ្កាយរណបនេះពិតជាដំណើរការជាប្រក្រតី ដូចកូរ៉េខាងជើងបានអះអាងដែរ ឬក៏យ៉ាងណា ហើយថាតើរុស្ស៉ីបានជួយកូរ៉េខាងជើងដល់កម្រិតណា គឺមិនច្បាស់នោះទេ ណាមួយកម្មវិធីអវកាសសម្រាប់យោធា គឺជាគម្រោងរយៈពេលវែង។

កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិកបានដាក់ពង្រាយអង្គភាពមួយនៃកងកម្លាំងអវកាសរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ ប្រទេសទាំង៣ បានឯកភាពគ្នាថានឹងចែករំលែកទិន្នន័យគ្នា ទៅវិញទៅមកពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅខែធ្នូខាងមុខ៕