(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងរុស្ស៊ីកំពុងវាយប្រហារទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន ដោយបានទម្លាក់គ្រាប់បែកជាប្រព័ន្ធ នៅកណ្តាលមជ្ឈមណ្ឌលឧស្សាហកម្មមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាល់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ការខូចខាតដែលបង្កឡើងដោយការវាយប្រហារផ្លូវអាកាសនេះ មិនត្រូវបញ្ជាក់ឱ្យដឹងនៅឡើយទេ។

លោក Vitaly Barabash អភិបាលក្រុងបាននិយាយថា ពួក​គេ (រុស្ស៉ី) ​កំពុង​វាយ​ប្រហារ​ពី​គ្រប់​ទិសទី ពី​ខាង​ត្បូង និង​ខាង​ជើង ដូច​កាល​ពី​មុន​ដែរ។ លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងកំណត់គោលដៅលើទីក្រុង Avdiivka ជាមួយនឹងគ្រាប់បែកពីលើអាកាស និងគ្រាប់បែកចង្កោម ខណៈការវាយប្រហារកើតឡើងពី ៣០ ទៅ ៤០ដងជារៀងរាល់ថ្ងៃ។

លោក Barabash បានបញ្ជាក់បន្ថែមទៀតថា អ្នកស្រុកចំនួន ១,៣៥០នាក់ នៅបន្តស្ថិតក្នុងទីក្រុង ដែលមានប្រជាជនរស់នៅមុនសង្គ្រាមប្រហែល ៣០,០០០ នាក់នេះនៅឡើយ ហើយមនុស្ស ១០២ នាក់ត្រូវបានជម្លៀសចេញកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា Avdiivka បានក្លាយជាសមរភូមិជួរមុខតាំងពីឆ្នាំ ២០១៤ ហើយវាក៏ជាផ្នែកមួយនៃតំបន់ Donetsk ដែលវិមានក្រឹមឡាំងអះអាងថា បានបញ្ចូលជាមួយតំបន់បីផ្សេងទៀត។ ទីក្រុងនេះត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណុំ ដោយការទម្លាក់គ្រាប់បែក ប៉ុន្តែវាបានក្លាយជានិមិត្តរូប នៃការតស៊ូរបស់អ៊ុយក្រែនផងដៃរ៕

 

រូបភាពពី AFP