(អង់ការ៉ា)៖ មន្រ្តីមួយរូបនៃក្រសួងការពារជាតិតួកគី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា តួកគីបានចាប់ផ្តើមចរចា ជាមួយប្រទេសនៅអឺរ៉ុប លើការទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ៤០គ្រឿង ក្រោយទទួលស្គាល់ថា សំណើរបស់ខ្លួនដើម្បីទិញយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិក អាចនឹងមិនដំណើរការ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្រ្តីក្រសួងការពារជាតិរូបនោះបាននិយាយថា «កងកម្លាំងទ័ពអាកាសតួកគីត្រូវការយន្តហោះថ្មី។ ជម្រើសទី ១របស់យើងគឺ F-16 ប៉ុន្តែដោយពិចារណាទៅលើលទ្ធភាពដែលយើងប្រហែលជា មិនទទួលបានការឆ្លើយតបជាវិជ្ជមាននៅក្នុងដំណើរការជាយូរមកហើយនេះទេ Eurofighter Typhoon គឺជាជម្រើសដ៏សមស្របបំផុតសម្រាប់ជំនួស F-16»។

កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yasar Guler ក៏បាននិយាយផងដែរថា តួកគីកំពុងពិភាក្សាជាមួយអង់គ្លេស និងអេស្ប៉ាញ ដើម្បីទិញ Eurofighter Typhoon ទោះបីជាអាល្លឺម៉ង់ជំទាស់នឹងគំនិតនេះក៏ដោយ។ ស្ថានទូតអង់គ្លេសប្រចាំនៅតួកគី បានឲ្យដឹងថា តួកគីចង់ទិញយន្តហោះ Eurofighter Typhoon ជំនាន់ថ្មីបំផុត។ លោក Guler បានពិភាក្សាអំពីបញ្ហានេះ ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps នៅក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Eurofighter Typhoon ផលិតដោយសម្ព័ន្ធក្រុមហ៊ុនរបស់អាល្លឺម៉ង់ អង់គ្លេស អ៉ីតាលី និងអេស្ប៉ាញ។ អង់គ្លេសនិយាយថាអាចជួយបញ្ចុះបញ្ចូលអាល្លឺម៉ង់ ឲ្យបោះបង់ចោលការជំទាស់របស់ពួកគេ៕

រូបភាពពី ReutersP