(ម៉ានីល)៖ ប្រធានាធិបតី លោក Ferdinand Marcos បាននិយាយនៅថ្ងៃសុក្រនេះថា ហ្វីលីពីនកំពុងពិចារណាចំពោះសមាជិកភាព ក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជិត៥ឆ្នាំបន្ទាប់ពីបានដកខ្លួន ដោយសារតែការជំទាស់នឹងសំណើបស់តុលាការ ដើម្បីស៉ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀន កាលពីអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ហ្វីលីពីនបានដកខ្លួនចេញពីតុលាការ ICC កាលពីឆ្នាំ ២០១៩ ដោយកាលណោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបើកការសាកសួរ អាជ្ញាធររបស់ខ្លួនជុំវិញបញ្ហានេះ។ លោក Marcos បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «វាក៏មានសំណួរមួយដែរ ថាតើយើងគួរតែត្រលប់មកស្ថិតនៅក្រោមសមាជិកភាពរបស់ ICC វិញឬយ៉ាងណា ដូច្នេះត្រូវសិក្សាលើបញ្ហានេះម្តងទៀត ថាតើនឹងបន្ត ឬមានជម្រើសអ្វីទៀត»។ លោក Marcos បានបន្ថែមថា យុត្តាធិការ និងអធិបតេយ្យនៅតែជាបញ្ហាសម្រាប់ហ្វីលីពីន។ ឥឡូវនេះ ប្រសិនបើយើងអាចដោះស្រាយបញ្ហាទាំងនេះបាន គឺមិនមានអ្វីត្រូវគិតទេទៀត ប៉ុន្តែសំណួរជាមូលដ្ឋានគ្រឹះនេះនៅតែមាន»។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២៣នេះ ICC បានច្រានចោលការអំពាវនាវរបស់ហ្វីលីពីន ឲ្យបញ្ឈប់ការស៉ើបអង្កេតជុំវិញសង្រ្គាមគ្រឿងញៀន របស់លោក ឌូតឺតេ ហើយកាលពីខែមីនាកន្លងទៅ លោក Marcos បាននិយាយនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយ ICC ក្រោយការអនុម័តរបស់សភា។ ទោះជាក្រុមមន្ត្រីហ្វីលីពីននៅតែទទូចមិនចង់ឲ្យ ICC មិនមានយុត្តាធិការលើប្រទេសរបស់ខ្លួន តែសមាជិកសភាមួយចំនួនបានជំរុញឲ្យរដ្ឋាភិបាល គិតគូរឡើងវិញអំពីគោលជំហររបស់ខ្លួន៕

រូបភាពពី Reuters