(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានជួបជាមួយមន្រ្តីកំពូលៗនៅទីនោះ ដើម្បីពិភាក្សាអំពីស្ថិរភាពតាមព្រំដែនរួមរបស់ពួកគេ បន្ទាប់ពីមានសញ្ញាថ្មីៗថាទំនាក់ទំនង កំពុងស្ថិតក្រោមភាពតានតឹងដ៏កម្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តំបន់ភាគឦសានមីយ៉ាន់ម៉ាជាប់ព្រំដែនជាមួយចិន កំពុងរញ្ជួយដោយការវាយប្រហាររបស់ចលនាបះបោរប្រដាប់អាវុធ ប្រឆាំងនឹងយោធានៃរបបសឹកមីយ៉ាន់ម៉ា អស់រយៈពេលមួយខែកន្លងមកហើយ។ ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលចិន និងមីយ៉ាន់ម៉ា បានធ្វើការបង្រ្កាបករណីឆបោកតាមអនឡាញដោយជនជាតិចិនក្នុងតំបន់នោះ។

ឯកអគ្គរដ្ឋទូតចិន លោក Chen Hai បានជួបរដ្ឋមន្ត្រីការបរទេសនៃរបបសឹកមីយ៉ាន់ម៉ា គឺលោក Than Swe និងមន្ត្រីយោធា នៅក្នុងរដ្ឋធានីណៃពិដោ (Naypyitaw) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កាសែតរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា ពួកគេបានពិភាក្សាអំពី ទំនាក់ទំនងទ្វេភាគី ការបន្តអនុវត្តគម្រោងទ្វេភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងន័យសន្តិភាព ស្ថិរភាព និងនីតិរដ្ឋនៅតាមតំបន់ព្រំដែន។

គួរបញ្ជាក់ថា ការវាយប្រហារពីសំណាក់ចលនាបះបោរនៅព្រំដែនមីយ៉ាន់ម៉ា និងការបង្រ្កាបករណីឆបោកតាមអនឡាញដោយជនជាតិចិន បាននាំឲ្យមានការយកចិត្តទុកដាក់បន្ថែម លើទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរបបសឹកមីយ៉ាន់ម៉ា។ ចិនស្តីបន្ទោសចំពោះ ការបោកប្រាស់ប្រជាជនជាច្រើនរបស់ខ្លួន ខណៈមីយ៉ាន់ម៉ាក៏បានប្រគល់ជនសង្ស័យជនជាតិចិនរាប់ម៉ឺននាក់ ទៅឲ្យអាជ្ញាធរចិន នៅក្នុងខែវិច្ឆិកានេះ៕