(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះគឺជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួន ខណៈទីក្រុងព្យុងយ៉ាងរៀបចំពិធីអបអរសាទរពីជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍យកទៅដាក់នៅគន្លងផែនដី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កូរ៉េខាងជើងកាលពីថ្ងៃពុធសប្ដាហ៍នេះ បានអះអាងពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន យក ទៅដាក់នៅគន្លងផែនដី។ ប៉ុន្តែ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសដោយចាត់ទុកថាការបាញ់បង្ហោះនេះជាទង្វើ បំពានលើទណ្ឌកម្មក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលបាលិស្ទីគរបស់ទីក្រុងព្យុងយ៉ាង។

តាមរយៈការដកស្រង់សម្ដីពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាននិយាយថាការកាន់កាប់ផ្កាយរណប ស៊ើបការណ៍គឺជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួនសុទ្ធសាធ នៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង និងចាត់ទុកថាការបាញ់បង្ហោះផ្កាយ រណបកាលពីថ្ងៃអង្គារជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ នៅចំពោះមុខគ្រោះថ្នាក់ និងការគំរាមកំហែងពីសត្រូវ។

លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនាឱកាសធ្វើទស្សនកិច្ចទៅកាន់រដ្ឋបាលជាតិបច្ចេកវិទ្យាទីអវកាសកូរ៉េខាងជើង កាលពី ថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមក្នុងពិធីជប់លៀងអបសាទរ ជាទីដែលនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Tok Hun អះអាងថា ផ្កាយរណបស៊ើ​បការណ៍នឹងអភិវឌ្ឍសមត្ថភាពយោធាកូរ៉េខាងជើង ឱ្យក្លាយទៅជាកងទ័ពល្អដាច់គេនៅលើពិភពលោកដែលមាន សមត្ថភាពវាយប្រហារលើគោលដៅនៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានទទួលស្គាល់ថាផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើងពិតជាបានចូលទៅក្នុងគន្លងផែនដីមែន ប៉ុន្តែ ថាត្រូវការពេលវេលាបន្ថែម ដើម្បីវាយតម្លៃថាតើផ្កាយរណបនេះដំណើរការជាធម្មតា ឬក៏យ៉ាងណា៕

រូបភាពពី KCNA