(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះបានឱ្យដឹងថានាវាចម្បាំងមួយគ្រឿងរបស់អូស្ត្រាលី បានធ្វើដំណើរឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើបមួយខណ្ឌចែករវាងចិន និងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​​​ AFP។

តាមក្រសួងការពារជាតតិតៃវ៉ាន់ នាវាចម្បាំងអូស្ត្រាលីបានធ្វើដំណើរចូល និងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ក្នុង ទិសដៅឆ្ពោះទៅទិសត្បូង។ ក្រសួងបានបញ្ជាក់ដូច្នេះថា «អំឡុងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ (តៃវ៉ាន់) យោធាតៃវ៉ាន់បានតាមដានស្ថានការណ៍ ទាំងផ្លូវសមុទ្រ និងដែនអាកាស ដោយស្ថានការណ៍មានសភាពធម្មតា»។

គួរបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចម្បាំងអូស្ត្រាលី កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីដើមខែវិច្ឆិកាកន្លងទៅនេះក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២៕

រូបភាពពី​ Reuters