(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស ក្រោមការសម្របសម្រួលពីប្រទេសកាតា កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានប្រកាសរៀងៗខ្លួនពីការឈាន ដល់កិច្ចព្រមព្រៀងលើការឈប់បាញ់រយៈពេល ៤ថ្ងៃ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំង ៥០នាក់។ ក្រុមហាម៉ាសវិញក៏បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ បទឈប់បាញ់នេះដែរ ដោយអះអាងថានឹងនាំទៅរកការដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ពីពន្ធនាគារអ៉ីស្រាអែល។

ក្រុមហាម៉ាសត្រូវគេបានជឿជាក់បានចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង នៅក្នុងការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ដែល បានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់។ ប៉ុន្តែ ព្រមពេលជាមួយគ្នា បើតាមក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើ តំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៤,០០០នាក់ផងដែរ ដែលក្នុងនោះមាន៤០ភាគរយជាកុមារ។

កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសស្ដីពីការឈប់បាញ់បណ្ដោះអាសន្នបានកើតឡើង ចំពេលដែលអ៉ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែ ខ្លាំងឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែ កុំយល់ច្រឡំឱ្យសោះថាកិច្ចព្រមព្រៀងនេះជាបទឈប់បាញ់ពិតប្រាកដ ហើយវាក៏នឹងមិនអាចកែប្រែ កត្តាជំរុញឱ្យអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សាបាននោះដែរ។ ក្រោយការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អ៉ីស្រាអែល បានប្រកាសប្រាប់ពិភពលោកថាខ្លួនមិនអាចទុកឱ្យក្រុមហាម៉ាសបន្តគ្រប់គ្រងតំបន់ហ្កាហ្សាតទៅទៀតនោះទេ ពោលត្រូវតែកម្ទេចហាម៉ាសចោលឱ្យក្លាយទៅជា ផេះ។ ដូច្នេះ សេណារីយ៉ូមួយដែលទំនងនឹងកើតឡើង ក្រោយមានការដោះលែងចំណាប់ខ្មាំង គឺការវាយប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា និងការបាញ់គ្រាប់រ៉ុក្កែតលើ អ៉ីស្រាអែលនឹងផ្ទុះឡើងជាថ្មី។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក៏បានបញ្ជាក់ច្បាស់ៗដែរថាអ៉ីស្រាអែលនឹងមិនបញ្ឈប់ការធ្វើសង្រ្គាមជាមួយ ហាម៉ាសទេ ក្រោយការឈប់បាញ់អស់សុពលភាព។

* កិច្ចព្រមព្រៀងនេះចាំបាច់ តែមិនមែនជាបទឈប់បាញ់ពិតប្រាកដ

កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងហាម៉ាស ត្រូវបានលោក Benjamin Netanyahu និងបណ្ដាមេដឹកនាំដទៃហៅថា «បទឈប់បាញ់»។ ប៉ុន្តែ ការពិតទៅ វាគ្រាន់តែ ជាការផ្អាកប្រយុទ្ធគ្នារយៈពេលខ្លីក្រោមបុព្វហេតុមនុស្សធម៌ ដូចដែលប្រទេសកាតាបានប្រើប្រាស់ពាក្យនេះនៅក្នុងសេចក្ដីប្រកាសផ្លូវការរបស់ខ្លួន។

សម្រាប់អ្នកជំនាញ ពាក្យថា «បទឈប់បាញ់ ឬ ceasefire» គឺចង់សំដៅទៅការបញ្ឈប់វាយប្រយុទ្ធគ្នា ដើម្បីសម្រួលដល់ការស្វែងរកដំណោះស្រាយនយោបាយមួយ ដែលអាចនាំទៅរកការបិទបញ្ចប់ជម្លោះ ឬសង្រ្គាមរុំារ៉ៃណាមួយ។ ជាឧទាហរណ៍ គេបានឃើញស្រាប់ហើយថាក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះអំពើហិង្សា ឬជម្លោះ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានកើតឡើងវិលជុំ ហើយបានបិទបញ្ចប់ទៅដោយគ្មានបទឈប់បាញ់ពិតប្រាកដ។

ដូចគ្នាដែរ កិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្ន គឺមិនមានលក្ខណៈគ្រប់គ្រាន់ជា «បទឈប់បាញ់នោះទេ» ដោយវាគ្រាន់តែធ្វើឡើងដើម្បីបុព្វហេតុមនុស្សធម៌ និងដោយសារ តែការរងសម្ពាធជុំវិញការស្លាប់របស់ជនស៊ីវិលតែប៉ុណ្ណោះ។ និយាយឱ្យខ្លីវានឹងមិនជំរុញឱ្យមានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងហាម៉ាស ដើម្បីបញ្ចប់ការកាប់សម្លាប់ គ្នានោះទេ។ កិច្ចព្រមព្រៀងនេះមានន័យស្មើនឹង «ការផ្អាក» ឬ «pause» ដែលជាពាក្យមួយត្រូវបានលើកឡើងជារឿយៗដោយលោកប្រធានាធិបតី ចូ បៃដិន ខណៈ លោកនៅតែបង្ហាញការគាំទ្រដល់សង្រ្គាមរបស់អ៉ីស្រាអែលដើម្បីកម្ទេចក្រុមហាម៉ាស។

យ៉ាងណាក៏ដោយ បទឈប់បាញ់ ឬក៏ការផ្អាកណាមួយក៏ដោយ ពិតជាមានសារៈសំខាន់ ខណៈចំនួនអ្នកស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកសងសឹកពីអ៉ីស្រាអែល លើតំបន់ហ្កាហ្សា បានកើនឡើងដល់ ១៤,០០០នាក់ រីឯប្រជាជន ១.៦លាននាក់នៃប្រជាជនហ្កាហ្សាសរុប ២.១លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចំពោះមុខការខ្វះខាតទឹក ភ្លើង និងឥន្ធនៈ ហើយប្រព័ន្ធសុខាភិបាលសំខាន់ៗមួយចំនួនបានដួលរលំ។

អ៉ីស្រាអែល មិនទាន់សម្រេចគោលដៅរបស់ខ្លួនឡើយ គឺកម្ទេចក្រុមហាម៉ាស ដែលពាក្យកម្ទេចនេះមិនមានការបញ្ជាក់ឱ្យច្បាស់ទេ តែអាចមានន័យថាអ៉ីស្រាអែលចង់ ផ្លាស់ប្ដូររបបដឹកនាំហាម៉ាសចេញ។ ម្យ៉ាងវិញទៀត ផ្ទុយពីសង្រ្គាមមុនៗជាមួយក្រុមហាម៉ាស នៅលើកនេះថ្នាក់ដឹកនាំអ៉ីស្រាអែលនឹងមិនបញ្ឈប់សង្រ្គាមទេ រហូតទាល់តែ ពួកគេមានអារម្មណ៍ថាខ្លួនអាចប្រកាសថាបេសកកម្មរបស់ពួកគេទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់វិទ្យាស្ថាន Israel Democracy Institute កាលពីថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា បានរកឃើញថាជិត ៨០ភាគរយនៃជនជាតិអ៉ីស្រាអែល បានបង្ហាញការគាំទ្រដល់ប្រតិបត្តិការរបស់កងកម្លាំងការពារជាតិអ៉ីស្រាអែល IDF ក្នុងតំបន់ហ្កាហ្សា ហើយបើគិតតែក្នុងចំណោមជនជាតិហ្វីជ្វសុទ្ធវិញ អត្រាគាំទ្រនេះកើន ដល់៩៣ភាគរយ៕