(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រុមយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយ ខណៈជម្លោះនេះកាន់តែខ្លាំងក្លាឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងវេទិកាមួយនៅរដ្ឋហាវ៉ៃ លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែបញ្ហាគឺស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។

លោកបានសង្កត់ធ្ងន់ថា «មាន​កម្លាំង​រុញច្រាន​យ៉ាង​ខ្លាំង​សម្រាប់​អាស៊ាន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា។ ប៉ុន្តែ​វា​ជា​បញ្ហា​ដ៏លំពិបាកមួយ»

គួរបញ្ជាក់ថា ការបង្រ្កាបរបស់របបយោធាលើគូប្រជែង បន្ទាប់ពីរដ្ឋប្រហារបាននាំឱ្យមានការលេចឡើងនៃចលនាតស៊ូដ៏មានឥទ្ធិពលកាន់តែខ្លាំងឡើង។ អាស៊ាន​បាន​ហាម​មេទ័ព​កំពូលរបស់ប្រទេសនេះ ​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ពួកគេ លុះត្រាតែ​​មីយ៉ាន់ម៉ាព្រម​ប្រកាន់​ខ្ជាប់​នូវ​ផែនទី​បង្ហាញ​ផ្លូវ​សន្តិភាព​ដែល​ប្លុក​នេះ​បាន​គូរ​កាលពី​ពីរ​ឆ្នាំ​មុន។

ហ្វីលីពីន​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៦ ជំនួស​ប្រទេស​មី​យ៉ាន់​ម៉ាដែល​ជា​ម្ចាស់ផ្ទះ​ក្នុងឆ្នាំនោះ។
អង្គការសហប្រជាជាតិនិយាយថា មនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដោយបានបញ្ចប់រយៈពេលមួយទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យបណ្តោះអាសន្ន និងបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងជម្លោះ និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ច៕

រូបភាពពី​ AFP