(ម៉ាល)៖ ប្រធានាធិបតីថ្មីនៃប្រទេសម៉ាល់ឌីវ លោក មហាំម៉ាត់ មូអ៉ីសហ្ស៊ូ (Mohamed Muizzu) ដែលធ្លាប់បានដឹកនាំយុទ្ធនាការកែប្រែគោលនយោបាយ «India first» នៃប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាមួយនេះ បានស្នើឱ្យទីក្រុងញូវដេលី ដកយោធារបស់ខ្លួនចេញពីម៉ាល់ឌីវ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក មហាំម៉ាត់ មូអ៉ីសហ្ស៊ូ បានទទួលជ័យជម្នះលើលោក អ៉ីប្រាហ៊ីម សឡេះ (Ibrahim Solih) នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកញ្ញា កន្លងទៅនេះ ក្រោយលោកសន្យាថានឹងស្នើឱ្យឥណ្ឌាដកយោធា ៧៥រូប ចេញពីប្រទេសម៉ាល់ឌីវ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ការិយាល័យប្រធានាធិបតីម៉ាល់ឌីវ បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជនម៉ាល់ឌីវ បានផ្ដល់ឱ្យលោក មូអ៉ីសហ្ស៊ូ នូវអាណត្តិដ៏រឹងមាំ ដើម្បីស្នើទៅឥណ្ឌា និងបង្ហាញក្ដីរំពឹងថាឥណ្ឌានឹងគោរពតាមឆន្ទៈតាមបែបប្រជាធិបតេយ្យ របស់ប្រជាជន ម៉ាល់ឌីវ»។ លោក មូអ៉ីសហ្ស៊ូ នៅឯពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រកន្លងទៅនេះ ក៏បានលើកឡើងដែរថាលោកនឹងថាធានាថាប្រទេសម៉ាល់ឌីវ នឹង មិនមានវត្តមានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។

យ៉ាងណាក៏ដោយ ភ្លាមៗខាងក្រសួងការពារជាតិឥណ្ឌា មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ឥណ្ឌា និងចិនបាន និងកំពុងប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ ខណៈក្រុមចម្រុះដឹកនាំដោយលោក មូអ៉ីសហ្ស៊ូ ត្រូវបានគេមើលឃើញថាមានទំនោរងាកទៅរកចិន៕

រូបភាពពី Reuters