(​TOKUNOSHIMA)៖ កងកម្លាំងម៉ារីនជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានដឹកនាំការធ្វើសមយុទ្ធយោធា នៅលើដែនកោះមួយស្ថិតនៅតាម បណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះត្រូវបានទីក្រុង តូក្យូមើលឃើញថាងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅចំពោះមុខភាពតានតឹងជាមួយចិន រុស្ស៉ី និងកូរ៉េខាងជើង ជប៉ុនបានធ្វើសមយុទ្ធមួយនៅលើកោះ Tokunoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃ នៅទូទាំងប្រទេសមានឈ្មោះ «05JX»។ សមយុទ្ធនេះមានគោលដៅបង្ហោញពីការត្រៀម លក្ខណៈទាំងជើងគោក ជើងអាកាស និងជើងទឹក ដើម្បីការពារទឹកដី និងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមានទាំងរោងចក្រថាមពលនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ជប៉ុន ជាពិសេសគឺជាមួយសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងមានការកើនឡើងនៅប៉ុន្មានឆ្នាំទៅមុខ ក្រោយ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា កាលពីខែធ្នូ ឆ្នាំ២០២២ បានប្រកាសពីផែនការបង្កើនកញ្ចប់ថវិកាយោធាដ៏ធំមិនធ្លាប់មានចាប់តាំងពីសម័យ សង្រ្គាមលោកលើកទី២មក។ រដ្ឋាភិបាលលោក គីស៊ីដា មានផែនការចំណាយកញ្ចប់ថវិកាយោធា ៤៣.៥ទ្រីលានយ៉េន ឬស្មើនឹងជាង ២៩០ពាន់លានដុល្លារ ដោយផ្ដោតជាពិសេសលើការអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយ។

ប៉ុន្តែ ការធ្លាក់ចុះតម្លៃប្រាក់យ៉េន ក្នុងឆ្នាំ២០២៣នេះ បានបង្ខំឱ្យជប៉ុនកាត់បន្ថយផែនការចំណាយមួយចំនួន ក្នុងនោះរួមមានទាំងការទិញឧទ្ធម្ភាគចក្រ Chinook ផលិតដោយសហរដ្ឋអាមេរិក៕

រូបភាពពី Reuters