(សេអ៊ូល)៖ កិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៦ រៀបចំដោយ​​ លេខាធិការដ្ឋាននៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) បាននិងកំពុងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មាន ក្នុងការកសាងសហគមន៍អាស៊ី និងលទ្ធិប្រជាធិបតេយ្យ”។

កិច្ចប្រជុំដ៏សំខាន់នេះ បានប្រមូលផ្តុំតំណាង ៦៥រូប មកពីគណបក្សនយោបាយចំនួន ១៨ និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាង ២៣ មកពី ១៦ ប្រទេសជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរចំណេះដឹង និងគំនិតស្តីពីទិដ្ឋភាពកិច្ចសហប្រតិបត្តិការសារព័ត៌មាននៅអាស៊ី។ វេទិកានេះ ជាថ្នាលដ៏មានសារៈសំខាន់មួយដែលគណបក្សនយោបាយ និងសារព័ត៌មានក្នុងតំបន់សហការគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងទំនាក់ទំនង ដើម្បីសម្រេចបាននូវគោលដៅរបស់ ICAPP ក្នុងការកសាងសហគមន៍អាស៊ីនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

វេទិកានេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ ICAPP ក្នុងការគាំទ្រ និងបង្កើតបរិយាកាសអំណោយផល សម្រាប់គោលដៅរបស់ ICAPP ក្នុងការកសាងសហគមន៍អាស៊ី តាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងគណបក្សនយោបាយដែលចូលរួមក្នុង ICAPP និងសារព័ត៌មានក្នុងតំបន់ សម្រាប់ការគ្របដណ្តប់កាន់តែទូលំទូលាយ និងសកម្មជាងមុននៃសកម្មភាព ICAPP ក្នុងការលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជនក្នុងតំបន់ ដូចដែលបានកំណត់នៅក្នុងកិច្ចប្រជុំបើកសម្ពោធនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយ ICAPP នៅខែកញ្ញា ឆ្នាំ២០១៥។

អង្គភាពព័ត៌មាន Fresh News ជាស្ថាប័នព័ត៌មានតែមួយគត់ពីប្រទេសកម្ពុជា ដែលត្រូវបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយចំនួន ២៣ផ្សេងទៀត មកពីប្រមាណ ១៥ប្រទេសរួមមាន អាស៊ែបៃហ្សង់ បង់ក្លាដែស ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ស្រីលង្កា ថៃ តួគីយ៉េ និងវៀតណាម ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលសម្រាប់វេទិកានេះ។

អំពី ICAPP

សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងខែកញ្ញា ឆ្នាំ ២០០០ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមគណបក្សនយោបាយ ដែលមានមនោគមវិជ្ជាផ្សេងៗនៅអាស៊ី និងអូសេអានី។ ICAPP មានគោលបំណងពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងតំបន់ និង លើកកម្ពស់សន្តិភាព វិបុលភាពតាមរយៈតួនាទី និងបណ្តាញតែមួយគត់របស់គណបក្សនយោបាយ។

ICAPP មានឆន្ទៈសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដោយបង្កើនការយល់ដឹងលើបញ្ហាសំខាន់ៗ និងជំរុញការសន្ទនាលើការរចនា និងការអនុវត្តគោលនយោបាយដែលអាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ នៅឆ្នាំ ២០១៨ អង្គការយូណេស្កូបានទទួលស្គាល់ ICAPP ជាអង្គការអន្តរជាតិនៃគណបក្សនយោបាយនៃរដ្ឋឯករាជ្យ ហើយបានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និង ICAPP" ។ ICAPP នឹងបន្តដើរតួនាទីរបស់ខ្លួនមិនត្រឹមតែក្នុងការកសាងសហគមន៍ដ៏ស្អិតរមួតមួយនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការស្វែងរកសន្តិភាព និងវិបុលភាពពិភពលោកផងដែរ។

អំពីវេទិកាប្រព័ន្ធផ្សព្វផ្សាយ ICAPP

វេទិកាប្រព័ន្ធផ្សព្វផ្សាយ ICAPP ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ ២០១៥ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងសារព័ត៌មាន ដើម្បីរួមគ្នាកសាងសហគមន៍សន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី។ លើសពីនេះ ដោយមើលឃើញពីតួនាទីរបស់សារព័ត៌មាន ដែលជាកាតាលីករក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោម ប្រជាជាតិក្នុងតំបន់ តាមរយៈការផ្សព្វផ្សាយព័ត៌មាន វេទិកានេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិក៕