(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានរៀបចំព្រឹត្តិការណ៍ព្យុហយាត្រាយោធាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ ដើម្បីបង្ហាញសាច់ដុំសព្វាវុធទំនើបៗ ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់កូរ៉េខាងជើង ការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តែងតែប្រព្រឹត្តទៅជាប្រចាំ ប៉ុន្តែព្រឹត្តិការណ៍បែបនេះនៅកូរ៉េខាងត្បូង ជាធម្មតាគឺរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដើម្បីអបអរទិវាកងកម្លាំងប្រដាប់អាវុធនៃប្រទេសរបស់ខ្លួន ដែលត្រូវចំថ្ងៃទី១ ខែតុលា។ ព្យុហយាត្រាយោធាចុងក្រោយនៅកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៣។ ៥ឆ្នាំក្រោយមក លោក មូន ជែអ៉ីន (Moon Jae In) ដែលកាលនោះ ជាប្រធានាធិបតីកូរ៉េខាងត្បូង បានសម្រេចប្រារព្ធពិធីអបអររបៀបផ្សេងវិញ ជំនួសឱ្យព្រឹត្តិការណ៍ព្យុហយាត្រាយោធា ដែលស្របតាមគោលនយោបាយផ្សះផ្សារបស់លោក ជាមួយកូរ៉េខាងជើង។

នាថ្ងៃអង្គារនេះ កងទ័ពសរុបប្រហែល៦,៧០០នាក់ បានធ្វើព្យុហយាត្រានៅកណ្តាលទីក្រុងសេអ៊ូល និងអមដោយសម្ភារយោធា និងសព្វាវុធសរុប ៣៤០គ្រឿង ដែលរួមមានទាំងយន្តហោះដ្រូន ដ្រូនក្រោមទឹក រថក្រោះ និងមីស៉ីល ជាដើម។ យ៉ាងណាក្តី គម្រោងហោះហើរសម្តែងដោយ​យន្តហោះចម្បាំងដ៏ទំនើប F-35 ត្រូវបានលុបចោលវិញ ដោយសារតែអាកាសធាតុមិនអំណោយផល ដ្បិតព្យុហយាត្រាយោធានោះ បានប្រព្រឹត្តទៅទាំងក្រោមមេឃភ្លៀង។ ទន្ទឹមគ្នាក៏មានការធ្វើព្យុហយាត្រាយោធា នៅមូលដ្ឋានទ័ព Seoul Air Base ក្នុងទីក្រុងសឹងណាំ (Seongnam) ភាគខាងត្បូងទីក្រុងសេអ៊ូល និងជាទីដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានចូលរួមផងដែរ។

គួរបញ្ជាក់ថា យូន ដែលឡើងកាន់អំណាចកាលពីឆ្នាំមុន បានទាញប្រទេសកូរ៉េខាងត្បូង ឱ្យខិត​កាន់តែកៀកសហរដ្ឋអាមេរិក ហើយសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរនេះ ក៏បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិយ៉ាងខ្លាំងក្លាផងដែរ រួមមានទាំង​ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំៗ ដើម្បីប្រឆាំងទប់ទល់ការកើនឡើងនៃការគំរាមកំហែងពីកូរ៉េខាងជើង។ ដើម្បីស្តែងចេញពី​ភាពរឹងមាំនៃសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន កងទ័ពអាមេរិកប្រមាណ៣០០នាក់ ក៏បានចូលរួមព្យុហយាត្រាយោធា​ខាងលើផងដែរ៕

រូបភាពពី Yonhap