(យូអិន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យមេដឹកនាំពិភពលោកទាំងអស់ដែលកំពុងជួបជុំគ្នា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ឱ្យរួបរួមគ្នាប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយថារុស្ស៉ីត្រូវតែបញ្ឈប់សង្រ្គាម ទើបពិភពលោកអាចផ្ដោតអារម្មណ៍ដោះស្រាយលើបញ្ហានានាដែលពិភពលោកកំពុងប្រឈម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ទទួលបានការអបអរសាទរយ៉ាងខ្លាំង នៅពេលឡើងថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN ក្នុងទីក្រុងញូវយ៉ក ដែលជាការបង្ហាញខ្លួនដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរុស្ស៉ីឈ្លានពានប្រទេសរបស់លោកកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

ថ្លែងនៅក្នុងសុន្ទរកថានៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «អ៊ុយក្រែនកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បី ធានាឱ្យបានថា នៅបន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី វានឹងមិនមានប្រទេសណាមួយផ្សេងនៅលើពិភពលោកហ៊ានវាយប្រហារលើ ប្រទេសដទៃទៀតនោះទេ...យើងត្រូវតែបញ្ឈប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ យើងត្រូវតែរួមគ្នាធ្វើសកម្មភាពដើម្បីបំបាក់ ជនឈ្លានពាន ដើម្បីងាកទៅផ្តោតអារម្មណ៍លើសមត្ថភាព និងថាមពលរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ»

គួរបញ្ជាក់ថា នៅថ្ងៃអង្គារក្នុងសប្ដាហ៍នេះដែរ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាមនុស្ស ៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ពីសំណាក់កងកម្លាំងរុស្ស៉ី ក្នុងនោះរួមមានទាំងការវាយប្រហារដោយយន្ដហោះដ្រូនលើឃ្លាំងឧស្សាហកម្មមួយផងដែរ៕