(យូអិន)៖ ប្រមុខការទូតរបស់សហរដ្ឋអាមេរិក និងអនុប្រធានាធិបតីចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញពីបំណងចង់ឱ្យមានស្ថិរភាពបន្ថែមទៀត នៅក្នុងទំនាក់ទំនងទ្វេភាគីដែលជារឿយៗប្រឈមនូវភាពតានតឹង ស្របពេលដែលប្រទេសកំពូលមហាអំណាចទាំងពីរ បានបើក​កិច្ចពិភាក្សាជាន់ខ្ពស់ថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

អំលុងជំនួបជាមួយអនុប្រធានាធិបតីចិន លោក ហាន ចេង (Han Zheng) ក្នុងទីក្រុងញូយ៉ក នៅក្រៅព្រឹត្តិការណ៍មហាសន្និបាតរបស់​អង្គការសហប្រជាជាតិ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Anthony Blinken) បាននិយាយថា រូបលោកជឿជាក់លើ​ «ការទូតទល់មុខគ្នា» ដើម្បីដោះស្រាយចំណុចខ្វែងគំនិតនានា។

លោក Blinken បានប្រាប់លោក Han យ៉ាងដូច្នេះថា «ខ្ញុំយល់ថា វាគឺជារឿងល្អមួយដែលយើងមានឱកាសនេះ ដើម្បីកសាងបន្តទៀតលើ​ការធ្វើប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ដែលប្រទេសយើងទាំងពីរបានធ្វើឡើង នាពេលថ្មីៗកន្លងទៅនេះ។ គោលដៅសំខាន់ គឺធានាថាយើង​នៅរក្សាការទាក់ទងដោយចំហ ហើយបង្ហាញថា យើងកំពុងគ្រប់គ្រងទំនាក់ទំនងប្រទេសទាំងពីរ ប្រកបដោយការទទួលខុសត្រូវ»។ រីឯ​លោក Han វិញបានលើកឡើងថា «ពិភពលោកត្រូវការជាចាំបាច់ នូវទំនាក់ទំនងអាមេរិក-ចិន ដែលមានស្ថានភាពល្អនិងមានស្ថិរភាព ដ្បិតវាមិនត្រឹមផ្តល់ប្រយោជន៍សម្រាប់ចិននិងអាមេរិកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ»

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ទើបតែបានបើកកិច្ចពិភាក្សាជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) នៅឯប្រទេសម៉ាល់ត៍ ស្របពេលដែលសហរដ្ឋអាមេរិកនិងចិន កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ៕