(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយថាខ្លួននឹងទិញយន្ដហោះដ្រូនថ្មីមួយ ហើយធ្វើបច្ចុប្បន្នភាពយន្ដហោះល្បាត និងឆ្លើយតបដែលមានស្រាប់ ក្នុងទំហំទឹកប្រាក់ ៩៦៤.៨៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពស៊ើបការណ៍ដែនសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់ថាយោធារបស់ខ្លួននឹងទិញយន្ដហោះដ្រូន MQ-4C Triton មួយគ្រឿង ពីសហរដ្ឋអាមេរិក ហើយនឹងធ្វើបច្ចុប្បន្នភាពកងកម្លាំងយន្ដហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលមានស្រាប់។ យន្ដហោះដ្រូននេះនឹងត្រូវ ប្រគល់ឱ្យអូស្ត្រាលី នៅឆ្នាំ២០២៤ ហើយនឹងត្រូវទៅឈរជើងនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលអូស្ត្រាលី យន្ដហោះល្បាត Poseidon ដំបូងនឹងត្រូវចូលរួមក្នុងកម្មវិធីបច្ចុប្បន្នភាពនៅឆ្នាំ២០២៦ ហើយកម្មវិធីនេះគ្រោង បញ្ចប់ជាស្ថាពរនៅឆ្នាំ២០៣០៕