(ក្រុងកៀវ)៖ រដ្ឋាភិបាល​អ៊ុយក្រែន​ បាន​សម្រេច​បណ្ដេញ​អនុរដ្ឋមន្ត្រី​ការពារជាតិ​ចំនួន ០៦រូប ​ចេញ​ពី​តំណែង​នៅថ្ងៃ​ចន្ទនេះ ​បន្ទាប់ពី​បាន​តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​កាលពី​ដើមខែ​នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋាភិបាលមិនបានផ្តល់ហេតុផលសម្រាប់ការបណ្តេញចេញនោះទេ។ អ្នកដែលត្រូវបានបណ្តេញចេញ រួមមានទាំង លោក Hanna Maliar ដែលតែងតែចេញព័ត៌មានថ្មីៗជាសាធារណៈ អំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

តិចជាងពីរសប្តាហ៍ប៉ណ្ណោះ ដែលលោក Rustem Umerov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Oleksiy Reznikov ។ ក្រសួងការពារជាតិបានប្រឈមមុខ នឹងការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយអំពីអំពើពុករលួយ កំលុងលោក Reznikov នៅកាន់តំណែងប្រមុខការពារជាតិ ទោះបីជាលោកផ្ទាល់មិនបានប្រឈមមុខ នឹងការចោទប្រកាន់ពីអំពើពុករលួយក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែន លោក Umarov បាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកថា «ចាប់ផ្តើមឡើងវិញ។ យើងបានចាប់ផ្តើមហើយ។ យើងកំពុងបន្ត។ ក្រសួងនៅតែបន្តការងាររបស់ខ្លួនជាធម្មតា»

គួរបញ្ជាក់ថា នៅពេលចូលកាន់តំណែង លោក Umarov បាននិយាយថា អាទិភាពរបស់ការងារលោក គឺនឹងធ្វើឱ្យក្រសួងក្លាយជាស្ថាប័នសំខាន់ ក្នុងការសម្របសម្រួលកងកម្លាំងការពារជាតិ ការលើកកម្ពស់តម្លៃដែលភ្ជាប់ជាមួយទាហានម្នាក់ៗ ការអភិវឌ្ឍឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕