(ប៉េកាំង)៖ ថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Xi បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល “ប្រទេស G៧៧និងប្រទេសចិន”នៅក្រុងHavana ព្រមទាំងបានថ្លែងសុន្ទរកថា។

ថ្លែងក្នុងសុន្ទរកថា លោក Li Xi បានលើកឡើងថា នាពេលបច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមក កម្លាំងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ មានភាពកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ បានដើរតួនាទីកាន់តែសំខាន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការគាំពារនិន្នាការងើបឡើងវិញរបស់ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព។

ព្រមពេលជាមួយគ្នានេះ ឯកតោភាគីនិយមនិងអនុត្តរភាពនិយមនៅតែ មានកម្លាំងឥទ្ធិពលយ៉ាងខ្លាំងដដែល ជាពិសេសគឺប្រទេសមួយចំនួនតូចបានអនុវត្ត ការដាក់ទណ្ឌកម្មដោយឯកតោភាគី និងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងកម្រោល ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ផលប្រយោជន៍និងចន្លោះអភិវឌ្ឍដ៏ត្រឹមត្រូវ របស់ប្រទេសកំពុងអភិវឌ្ឍន៍។ ដូច្នេះ ប្រទេសកំពុងអភិវឌ្ឍន៍រំពឹងទុកជាទូទៅថា នឹងបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ក្នុងន័យជំរុញឱ្យនវានុវត្តន៍អភិបាលកិច្ចសកល រីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ ប្រទេសចិនរីករាយរួមសហការជាមួយគុយបា និងរដ្ឋសមាជិកនៃប្រទេស G៧៧ផ្សេងទៀត រួមគ្នាបង្កើតសហគមន៍រួមវាសនា នៃប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោកទាំងមូល ក៏ដូចជារួមគ្នាបង្កើតយុគសម័យថ្មី នៃការអភិវឌ្ឍរួមផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន