(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បាននិយាយថា កិច្ចព្រមព្រៀងជាមួយគូសត្រូវរបស់ខ្លួនគឺសហរដ្ឋអាមេរិក ពាក់ព័ន្ធការផ្ទេរមូលនិធិអ៉ីរ៉ង់ចំនួន ៦ពាន់លានដុល្លារ ដែលជាប់ការបង្កក និងការដោះដូរអ្នកឃុំឃាំងចំនួន៥នាក់ទៅវិញទៅមកនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទនេះ ក្រោយកិច្ចចរចាគ្នារយៈពេលជាច្រើនខែ ក្រោមការជួយសម្របសម្រួលពីប្រទេសកាតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការបរទេសអ៉ីរ៉ង់បានឱ្យដឹងថា មូលនិធិរាប់ពាន់លានដុល្លារខាងលើ ដែលត្រូវបានបង្កកជាប់នៅប្រទេសកូរ៉េខាងត្បូង នឹងមកដល់ដៃ​របស់អ៉ីរ៉ង់នៅថ្ងៃចន្ទនេះ។ ជាលទ្ធផលវានឹងអនុញ្ញាតឱ្យការដោះដូរពលរដ្ឋអាមេរិកចំនួន៥នាក់ ដែលជាប់ឃុំឃាំងនៅប្រទេសអ៉ីរ៉ង់ ជាថ្នូរនឹង​ពលរដ្ឋអ៉ីរ៉ង់៥នាក់ដូចគ្នា ដែលជាប់ឃុំនៅសហរដ្ឋអាមេរិក ទីបំផុតអាចប្រព្រឹត្តទៅបាន។ ប្រភពពីក្នុងរដ្ឋាភិបាលអ៉ីរ៉ង់ បានបង្ហើបឱ្យដឹងថា មូលនិធិ៦ពាន់លានដុល្លារនោះ កំពុងស្ថិតក្នុងទីក្រុងដូហានៃប្រទេសកាតា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅក្រោមកិច្ចព្រមព្រៀងខាងលើ ពលរដ្ឋអាមេរិកទាំង៥នាក់ ដែលមានសញ្ជាតិ២ ត្រូវបានរំពឹងថា នឹងចាកចេញពីទីក្រុងតេហេរ៉ង់ រួចឆ្ពោះទៅកាន់រាជធានីដូហារបស់កាតា ហើយបន្ទាប់មកធ្វើដំណើរចេញពីទីនោះ តាមយន្តហោះបន្តទៅកាន់​សហរដ្ឋអាមេរិក។ ជាថ្នូរនឹងការដោះលែងនេះ ពលរដ្ឋអ៉ីរ៉ង់ចំនួន៥នាក់ដែលជាប់ឃុំនៅអាមេរិក នឹងត្រូវដោះលែងឱ្យមានសេរីភាព ដើម្បីឱ្យ​ពួកគេអាចធ្វើដំណើរទៅអ៉ីរ៉ង់ ប៉ុន្តែក្រុមមន្រ្តីអ៉ីរ៉ង់និងប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ធ្លាប់បាននិយាយថា មានម្នាក់គឺត្រូវបានរំពឹងថា នឹងបន្តស្ថិតនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានឱ្យដឹងជាសាធារណៈកាលពីថ្ងៃទី១០ ខែសីហា នឹងជួយដកបន្ទុកធំមួយនៃទំនាក់ទំនង​រវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បើទោះបីជាភាគីទាំងពីរនៅបន្តមានភាពតឹងជាមួយគ្នាស៉ីជម្រៅ ជុំវិញបញ្ហាជាច្រើនផ្សេងទៀតក៏ដោយ រួមមានចាប់តាំងពីមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ និងឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា រហូតដល់ការដាក់ទណ្ឌកម្មរបស់អាមេរិក ព្រមទាំង​វត្តមានយោធាអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្ស៕