(វ៉ាស៉ីនតោន)៖ យន្តហោះចម្បាំងអាមេរិក១គ្រឿង ដែលបំពាក់បច្ចេកវិទ្យាបំបាំងកាយពីប្រព័ន្ធរ៉ាដា បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជាហេតុបង្ខំឱ្យយោធាអាមេរិកធ្វើការអំពាវនាវយ៉ាងកម្រមួយ ឱ្យសាធារណជនជួយស្វែងករក​យន្តហោះតម្លៃរាប់សិបលានដុល្លារមួយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រោយអ្វីដែលអាជ្ញាធរអាមេរិក ហៅថាឧបទ្ទវហេតុអំលុងពេលហ្វឹកហាត់ ពីឡុតអាមេរិកម្នាក់ ដែលបើកយន្តហោះចម្បាំង F-35 មួយគ្រឿង នៅរដ្ឋ South Carolina ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីវេលារសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា បានចុចផ្តាច់កៅអីដើម្បីលោតចេញពីយន្តហោះ​នៅលើផ្ទៃអាកាស។ ពីឡុតម្នាក់នោះបានរួចរស់ជីវិត ប៉ុន្តែបញ្ហាគឺត្រង់ថា ខាងយោធាអាមេរិកមិនអាចរកយន្តហោះឃើញ ហើយក៏បាន​សម្រេចចិត្តស្នើសុំជំនួយ ពីក្រុមអ្នកស្រុកនៅក្នុងតំបន់។

មូលដ្ឋានយោធាអាមេរិក Joint Base Charleston បានប្រកាសលើបណ្តាញសង្គម X (twitter) យ៉ាងដូច្នេះថា «ប្រសិនបើលោកអ្នក មានព័ត៌មានណាមួយ ដែលអាចជួយដល់ក្រុមការងាររបស់យើង ក្នុងការស្វែងរកទីតាំងនៃយន្តហោះចម្បាំង F-35 ដែលជួបឧបទ្ទវហេតុ សូមទាក់ទងមកកាន់ពួកយើង»

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) គឺមានតម្លៃ​ខ្ទង់៨០លានដុល្លារ ក្នុង១គ្រឿង៕