(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ ៤រូប មកពីគណក្សសាធារណរដ្ឋបានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃដិន បញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយទៅ​ឱ្យអ៊ុយក្រែន ដើម្បីជួយដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា​ ឆ្នាំ២០២៣។

សមាជិកព្រឹទ្ធសភាពអាមេរិកខាងលើដែលជំរុញឱ្យលោក បៃដិន បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅ​ឱ្យអ៊ុយក្រែន ក្នុងនោះរួមមាន លោក ថម ខុតថុន (Tom Cotton) លោក រ៉ូជឺ វីគឃើ (Roger Wicker) លោកស្រី ស៊ូសាន ខូលីន (Susan Collins) និងលោក លីនស៊ី ក្រាហាំ (Lindsey Graham)។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៦ ខែកញ្ញា សមាជិកព្រឹទ្ធសភាអាមេរិកទាំង៤រូប បានគូសបញ្ជាក់ដូច្នេះថា «អ៊ុយក្រែន បានធ្វើឱ្យកម្លាំងប្រយុទ្ធរបស់រុស្ស៉ីចុះខ្សោយគួរឱ្យកត់សម្គាល់ ហើយដូច្នេះវានឹងតម្រូវឱ្យមានការដកប្រព័ន្ធមីស៊ីល Atacms មួយចំនួនតូច ប៉ុណ្ណោះចេញស្ដុករបស់យើង»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមាន នៅសប្ដាហ៍ក្រោយ ខណៈប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ Army Tactical Missile Systems ឬ Atacms ដែលអ៊ុយក្រែន បានទទូចសុំជាយូរមកហើយនោះ បានក្លាយជាប្រធានក្ដៅសាជាថ្មី។ បើតាមក្រុមមន្ត្រីអាមេរិក ការប្រកាសផ្ដល់ជំនួយយោធាបន្ថែមត្រូវបាន គេរំពឹងថានឹងត្រូវធ្វើឡើង អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក្នុងបញ្ជីអាវុធគឺមិនមានប្រព័ន្ធមីស៊ីល (Atacms) នោះទេ។

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាទំហំ ៤៤ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៉ីបានហៅសង្រ្គាមរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេស រីឯអ៊ុយក្រែន និងលោកខាងលិចបានចាត់ទុកថានេះជា សង្រ្គាមឈ្លានពាន៕