(យូអិន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតគាំទ្រឱ្យប្រទេសអាល់ហ្សេរី ហ្គីយ៉ាន សៀរ៉ាឡេអូន ស្លូវ៉ានី ហើយនិងកូរ៉េខាងត្បូង ក្លាយជាសមាជិកថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិមានរយៈពេល២ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នា២០២៤ ខណៈប្រទេសបេឡារុសដែលឈរនៅខាងរុស្ស៉ី ក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន ត្រូវបានបដិសេធមិនឱ្យជាប់​ជាសមាជិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

អាល់ហ្សេរី ហ្គីយ៉ាន សេរ៉ាអេឡូន និងកូរ៉េខាងត្បូង បានឈរឈ្មោះដោយពុំមានគូប្រកួតប្រជែងទេ សម្រាប់តំណែងជា​សមាជិកក្នុងស្ថាប័នកំពូលរបស់ UN មួយនេះ ដែលមានសមាជិកសរុប១៥ប្រទេស ខណៈស្លូវ៉ានីបានយកឈ្នះលើបេឡារុស។ ដើម្បីធានាថា មានតំណាងមកពីគ្រប់តំបន់ភូមិសាស្រ្ត​ កៅសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានបែងចែងជាក្រុមតាមតំបន់។ ប៉ុន្តែបើទោះបីជាបេក្ខភាពឈរឈ្មោះ ដោយ​មិនមានគូប្រជែងនៅក្នុងក្រុមក៏ដោយ ពួកគេនៅត្រូវការការគាំទ្រក្នុងសំឡេងច្រើនជាង២ភាគ៣ នៃមហាសន្និបាត UN។

ក្នុងការបោះឆ្នោតខាងលើ ប្រទេសហ្គីយ៉ានទទួលបានសំឡេងគាំទ្រ១៩១សំឡេង, សេរ៉ាឡេអូនទទួលបាន១៨៨សំឡេង, អាល់ហ្សេរី ទទួលបាន១៨៤សំឡេង, កូរ៉េខាងត្បូងទទួលបាន១៨០។ រីឯស្លូវ៉ានីបានទទួលជ័យជម្នះលើបេឡារុស ជាមួយសំឡេង១៥៣ ទល់នឹង៣៨។ ៥ប្រទេសនេះ នឹងក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ថ្មី ជំនួសអាល់បានី ប្រេស៉ីល ហ្កាណា ហ្កាបុង និងអេមីរ៉ាត់អារ៉ាប់រួម។ ចំណែកសមាជិក​អចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ UN វិញ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៉ី ចក្រភពអង់គ្លេស និងបារាំង ដែលមានសិទ្ធិវេតូ។

គួរបញ្ជាក់ថា បេឡារុសបានអនុញ្ញាតឱ្យរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួន ជាកន្លែងបើកការឈ្លានពានចូលទៅកាន់អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រីឯកាលពីខែឧសភាកន្លងទៅ រុស្ស៉ីបានចាប់ផ្តើមអនុវត្តផែនការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួននៅបេឡារុស ថែមទៀត ខណៈវាគឺជាដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើកដំបូងបំផុត របស់ទីក្រុងទីក្រុងមូស្គូ នៅក្រៅប្រទេសរុស្ស៉ី គិតចាប់តាំងតែពី​ការដួលរលំនៃសហភាពសូវៀត៕