(វែលីងតោន)៖ នាយករដ្ឋមន្ត្រីហ្វីជី លោក ស៉ីទីវេនី រ៉ាប៊ូកា (Sitiveni Rabuka) បាននិយាយនៅថ្ងៃពុធនេះថា នូវែលសេឡង់ និងហ្វីជីកំពុងឈានទៅ សម្រេចបាននូវកិច្ចព្រមព្រៀងការពារជាតិ ដែលនឹងជួយបង្កើនកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ក៏ដូចជាកសាងសមត្ថភាព និងជំនាញនៅក្នុង កងកម្លាំងការពារប្រទេសហ្វីជី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ្វីជី ខាងលើនេះធ្វើឡើងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងវែលីងតោន (Wellington) ជាកន្លែងដែលលោក បានជួបជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នូវែលសេឡង់ រួមទាំងនាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្សប្រឆាំង ជុំវិញដំណើរការឈានទៅសម្រេច កិច្ចព្រមព្រៀងនៅសប្តាហ៍ក្រោយ។

លោក រ៉ាប៊ូកា បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមន្ត្រីការពារជាតិអាចចូលរួមក្នុងវិស័យផ្សេងៗគ្នា រួមទាំងការកសាងសមត្ថភាព បង្កើនជំនាញ និងអន្តរប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា និងជំនួយបច្ចេកទេសក្នុងចំណោមផ្នែកផ្សេងទៀត»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងការពារជាតិរវាងនូវែលសេឡង់ និងហ្វីជី កើតមានឡើងចំពេលដែលនូវែលសេឡង់ អូស្ត្រាលី និងសហរដ្ឋអាមេរិក ស្វែងរក ការរារាំងប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកពីការបង្កើតទំនាក់ទំនងសន្តិសុខជាមួយប្រទេសចិន៕