(រីយ៉ាដ)៖ អ៉ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកស្ថានទូតរបស់ខ្លួនឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាផ្លូវការហើយ បន្ទាប់ពីប្រទេសទាំង២ សម្រេចបាននូវកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតជាថ្មី ក្រោមការសម្របសម្រួលពីទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

ពិធីសម្ពោធបានរៀបចំឡើងនៅក្នុងបរិវេណស្ថានទូត ដោយមានវត្តមានមន្ត្រីទូត និងក្រុមមន្ត្រីរាប់សិបនាក់ចូលរួម ដើម្បីបើកស្ថានទូតអ៉ីរ៉ង់ឡើងវិញ ប្រចាំទីក្រុងរីយ៉ាដ ក្រោយបិទទ្វារអស់រយៈពេលជាង៧ឆ្នាំមកនេះ។ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ទទួលបន្ទុកកិច្ចការស្ថានកុងស៊ុល លោក អាលីរ៉េហ្សា ប៊ីកដេលី (Alireza Bikdeli) បានគូសបញ្ជាក់នៅឯពិធីសម្ពោធដូច្នេះថា «យើងចាត់ទុកថ្ងៃនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយនៅក្នុងទំនាក់ទំនង រវាងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ តំបន់ទាំងមូលនឹងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យ និងរួបរួមគ្នា ដើម្បីសម្រេចបាននូវ ស្ថិរភាព វិបុលភាព និងភាពរីកចម្រើន»

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាស្ដារទំនាក់ទំនងការទូតឡើងវិញ កាលពីខែមីនាកន្លងទៅ ដោយមានការសម្របសម្រួលពីចិន បិទបញ្ចប់ជម្លោះការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៦មក និងជាសញ្ញាមួយបង្ហាញពីការកើនឡើងឥទ្ធិពលចិនក្នុងតំបន់មជ្ឈិមបូព៌ា៕