(កាប៊ុល)៖ អ្នកនាំពាក្យមួយរូបបាននិយាយថា លោក នីសសា អាម៉ាត់ អាម៉ាឌី (Nissar Ahmad Ahmadi) អភិបាលរងខេត្តបាដាដសាន (Badakhshan) ដែលស្ថិតនៅឯភាគខាងជើងនៃប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកលើរថយន្ត នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានការិយាល័យព័ត៌មាននៃខេត្តបាដាដសាន ជាខេត្តដែលមានព្រំដែនជាប់ប្រទេសចិន និងតាហ្ស៉ីគីស្ថាន លោក ម៉ាស់ហ្ស៊ូឌីន អាម៉ាឌី (Mahzudeen Ahmadi) បានឲ្យដឹងថា លោក អាម៉ាត់ អាម៉ាឌី រួមទាំងអ្នកបើកបរបានស្លាប់ ខណៈជនស៊ីវិល ៦នាក់ទៀតរងរបួស។ គេនៅមិនទាន់ដឹងនោះទេ ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែក ដែលជាការបំផ្ទុះ ឬការវាយប្រហារលើកដំបូងទៅលើមន្ត្រីតាលីបង់ នៅអាហ្វហ្កានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

គួរបញ្ជាក់ថា ក្រុមតាលីបង់ បាននឹងកំពុងធ្វើការវាយឆ្មក់លើសមាជិកក្រុម ISIS ដែលនាំឲ្យមានសេចក្តីរាយការណ៍ អំពីការវាយប្រហារធំៗជាច្រើននៅកណ្តាលទីក្រុង។ ក្រុមនេះក៏បានកំណត់គោលដៅលើមន្ត្រីតាលីបង់ បូករួមទាំងការអះអាងពី ការសម្លាប់អភិបាលខេត្តបាកហ៍ (Balkh) ក្នុងការវាយប្រហារលើការិយាល័យ កាលពីខែមីនាផងដែរ៕