(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិននិងរុស្ស៉ីបានរួមគ្នាធ្វើប្រតិបត្តិការល្បាតដែនអាកាស នៅលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ដែលជាលើកទី៦ គិតចាប់តាំងពីឆ្នាំ២០១៩ ស្របពេលដែលសហរដ្ឋអាមេរិក បានបង្កើនសកម្មភាពនិងការធ្វើសមយុទ្ធយោធាជាមួយ​សម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការល្បាតដែនអាកាសខាងលើ ស្ថិតក្រោមក្របខណ្ឌនៃផែនការ​កិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងយោធាប្រទេសទាំងពីរ។ កំលុងការល្បាតដែនអាកាសចុងក្រោយរបស់ចិនជាមួយរុស្ស៉ី កាលពីខែវិច្ឆិកា ឆ្នាំមុន ទីក្រុងសេអ៊ូលបានចល័តយន្តហោះចម្បាំងរបស់ខ្លួន ឡើងទៅលើផ្ទៃអាកាស បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក H-6K របស់ចិន ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែក Tu-95 និងយន្តហោះចម្បាំង Su-35 របស់រុស្ស៉ី បានចូលមកក្នុងតំបន់កំណត់​អត្តសញ្ញាណការពារដែនអាកាស ហៅកាត់ ADIZ របស់ប្រទេសកូរ៉េខាងត្បូង។ រីឯជប៉ុនក៏បានបញ្ជូនយន្តហោះចម្បាំងឡើងផ្ទៃអាកាសផងដែរ ក្រោយក្រុមយន្តហោះទម្លាក់គ្រាប់បែកចិន និងដ្រូនរុស្ស៉ី២គ្រឿង បានហោះចូលតំបន់សមុទ្រជប៉ុន។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២២ យន្តហោះយោធាចិននិងរុស្ស៉ី បានធ្វើដំណើរចូលទៅក្បែរដែនអាកាសរបស់ប្រទេសជប៉ុន ខណៈដែលទីក្រុងតូក្យូបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសក្វាដ (Quad) ជាមួយមេដឹកនាំរបស់សហរដ្ឋអាមេរិក ឥណ្ឌា និងអូស្រ្តាលី។ ដោយឡែក ចាប់តាំងពីសប្តាហ៍មុនមក កងឆ្មាំសមុទ្រអាមេរិក ជប៉ុន និងហ្វីលីពីន បាននិងកំពុងធ្វើសមយុទ្ធជើងទឹក​ត្រីភាគីលើកដំបូងរបស់ពួកគេ នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាកន្លែងមានបញ្ហាវិវាទ។ រីឯកាលពីចុងសប្តាហ៍កន្លងទៅ នាវាចម្បាំង​ចិន១គ្រឿង បានប៊ិះបុកគ្នាជាមួយនាវាចម្បាំងអាមេរិក ស្របពេលដែលកងទ័ពជើងទឹកអាមេរិកនិងកាណាដា បានធ្វើប្រតិបត្តិការរួមគ្នាឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់។ មុនពេលមានហេតុការណ៍នោះទៀតសោត យន្តហោះចម្បាំងចិនមួយគ្រឿង បានហោះកាត់ពីមុខយន្តហោះយោធា​របស់អាមេរិក ក្នុងចម្ងាយដ៏កៀកមួយ កំលុងការហោះស្ទាក់ នៅលើសមុទ្រចិនខាងត្បូង៕