(កៀវ)៖ ហេតុការណ៍ផ្ទុះបានកើតមានឡើង នៅទំនប់វារីអគ្គិសនីសម័យសូវៀតមួយកន្លែង ក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នាថ្ងៃអង្គារនេះ ខណៈទីក្រុងកៀវនិងទីក្រុងមូស្គូ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា (Nova Kakhovka) ដែលមានកម្ពស់៣០ម៉ែត្រ និងបណ្តោយប្រវែង៣.២គីឡូម៉ែត្រ ស្តុកទឺកក្នុងបរិមាណស្មើទៅនឹង ​បឹង Great Salt Lake នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៥៦ នៅលើទន្លេឌីនីប្រូ (Dnipro)។ ទំនប់វារីអគ្គិសនីនេះក៏ផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់ឧបទ្វីបគ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា។

គួរបញ្ជាក់ថា យោធាអ៊ុយក្រែនបានចោទកងកម្លាំងរុស្ស៉ី ជាអ្នកបំផ្ទុះទំនប់ខាងលើ ខណៈរុស្ស៉ីបានចោទប្រកាន់បកទៅលើខាងអ៊ុយក្រែនវិញ។ ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាអ៊ុយក្រែន បានបង្ហោះសារលើបណ្តាញ Facebook យ៉ាងដូច្នេះថា «ទំនប់ Kakhovka បានទទួលរងការបំផ្ទុះដោយកងកម្លាំងរុស្ស៉ី ដែលកំពុងត្រួតត្រានៅតំបន់នោះ។ ទំហំនៃការខូចខាត ល្បឿននិងបរិមាណទឹកដែលលេចធ្លាយ ព្រមទាំងកន្លែងដែលទំនងជាត្រូវជន់លិច កំពុងស្ថិតក្រោមការបញ្ជាក់»។ រីឯប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ីវិញ បានរាយការណ៍ថា ទំនប់ទឺកនោះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៉ី គឺបានរងការបំផ្លិចបំផ្លាញ កំលុងការបាញ់ផ្លោង ខណៈមន្រ្តីក្នុងតំបន់ម្នាក់ដែលតែងតាំង​ដោយរុស្ស៉ី បានអះអាងថា វាគឺជាការវាយប្រហារភេរវកម្ម ដែលចង់សំដៅលើការវាយប្រហារធ្វើឡើងដោយអ៊ុយក្រែន៕