(អង់ការ៉ា)៖ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងថា លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បានតែងតាំងអ្នកនាំពាក្យរបស់លោក គឺលោក អ៉ីប្រាហ៉ីម កាលីន (Ibrahim Kalin) ឲ្យក្លាយជាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (MIT) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោក កាលីន ជាមនុស្សជំនិតរបស់លោក អឺដូហ្កាន់ ហើយបានបម្រើការជាអ្នកនាំពាក្យរបស់ប្រធានាធិបតី និងជាទីប្រឹក្សាគោលនយោបាយការបរទេសចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។ លោក កាលីន បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតមកពីសាកលវិទ្យាល័យ George Washington និងបាននាំមុខលើកិច្ចខិតខំប្រឹងប្រែងការទូតជាច្រើន ដោយការកំណត់របៀបវារៈគោលនយោបាយការបរទេសតួកគី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

គួរបញ្ជាក់ថា ការតែងតាំងនេះធ្វើឡើងបន្ទាប់ពី លោក ហាកាន់ ហ្វីដាន់ (Hakan Fidan) ដែលជាអតីតប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តួកគី ចាប់តាំងពីឆ្នាំ២០១០ ត្រូវបានផ្លាស់ប្តូរមុខតំណែងទៅជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕