(វ៉ាស៊ីនតោន)៖ លោក Robert Hanssen ជាអតីតទីភ្នាក់ងារ FBI ម្នាក់ ដែលបានក្បត់នឹងសហរដ្ឋអាមេរិក ដោយធ្វើចារកម្មលើទីក្រុងវ៉ាស៊ីនតោន សម្រាប់ រុស្ស៉ី បានទទួលមរណភាពហើយនៅក្នុងពន្ធនាគារ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Hanssen មានអាយុ ៧៩ឆ្នាំ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០០២ បន្ទាប់ពីត្រូវបានរកឃើញថាបាន លួចស៊ើបការណ៍សម្ងាត់ឱ្យអតីតសហភាពសូវ​ៀត និងក្រោយមកស៊ើបការណ៍ឱ្យរុស្ស៉ី អស់រយៈពេលជាង ២០ឆ្នាំ។ បុគ្គលិកពន្ធនាគារបានព្យាយាមធ្វើការ សង្រ្គោះបឋម ក្រោយប្រទះឃើញលោក Hanssen សន្លប់ស្ដូកស្ដឹង កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែមិថុនា ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។

គួរបញ្ជាក់ថា មិនមានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុស្លាប់របស់លោក Robert Hanssen នោះទេ។ បើតាម FBI លោក Hanssen បានចូលបម្រើការឱ្យ FBI ក្នុងឆ្នាំ១៩៧៦ ហើយបានចាប់ផ្ដើមលក់ព័ត៌មានសម្ងាត់ឱ្យសូវៀតនៅឆ្នាំ១៩៨៥។ លោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០១ និងត្រូវបានផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត នៅឯពន្ធនាគារក្នុងរដ្ឋ Colorado៕