(អ៊ីស្លាម៉ាបាដ)៖​ យោធាប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃចន្ទនេះថា កងកម្លាំងប៉ាគីស្ថាន និងក្រុមសកម្មប្រយុទ្ធបានប៉ះទង្គិចគ្នា នៅភាគពាយព្យនៃប្រទេសតាមបណ្តោយព្រំដែន ជាមួយប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងការបាញ់ប្រហារគ្នា ដែលបណ្តាលឲ្យទាហានពីរនាក់ និងសកម្មប្រយុទ្ធពីរនាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ការបាញ់ប្រហារគ្នានេះ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យនៅតំបន់ Waziristan ភាគខាងជើង ដែលជាស្រុកមួយក្នុងខេត្ត Khyber Pakhtunkhwa ដែលជាអតីតទីតាំងដ៏រឹងមាំរបស់ក្រុមតាលីបង់ប៉ាគីស្ថាន ដែលជាក្រុមប្រដាប់អាវុធគេស្គាល់ថា TTP ។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព សកម្មប្រយុទ្ធពីរនាក់ក៏បានរងរបួសផងដែរ ហើយឃ្លាំងអាវុធមួយត្រូវបានរឹបអូសនៅទីតាំងនោះ។

គួរបញ្ជាក់ថា ទោះបីជាកងទ័ពប៉ាគីស្ថានអះអាងថា ខ្លួនបានបោសសម្អាតក្រុមសកម្មប្រយុទ្ធតាលីបង់នៅតំបន់ Waziristan ខាងជើងក៏ដោយ ក៏ការវាយប្រហារ និងការផ្ទុះកាំភ្លើងម្តងម្កាលនៅតែកើតមាន ដោយបង្កើនការភ័យខ្លាចថា ក្រុមតាលីបង់ប៉ាគីស្ថានកំពុងប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងតំបន់៕