(មូស្គូ)៖ ក្រុមយុទ្ធជនស្ម័គ្រចិត្តប៉ូឡូញដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍នេះ ដោយអះអាងថាពួកគេ មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើតំបន់បែលហ្គូរូដ (Belgorod) របស់រុស្ស៉ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកាសខាងលើនេះ អមដោយរូបថត និងវីដេអូដែលត្រូវបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះ Polish Volunteer Corps ឬក្រុមអ្នកស្ម័គ្រចិត្ត ប៉ូឡូញ។ ក្នុងសារដែលបង្ហោះនោះហាក់ដូចជាសំដៅទៅលើការវាយប្រហារចូលទៅក្នុងស្រុក ហ្រ្គាវ៉ូរ៉ុន (Grayvoron) នៃតំបន់បែលហ្គូរូដ កាលពីថ្ងៃទី២២ ខែឧសភា ដែលមានខ្លឹមសារថា ក្រុមអ្នកស្ម័គ្រចិត្តប៉ូឡូញ បានសហការជាមួយក្រុមបំបែកខ្លួនរុស្ស៉ីដែលកំពុងប្រយុទ្ធ ក្រោមការបញ្ជាពីក្រសួងការពារជាតិអ៊ុយក្រែន។

យ៉ាងនេះក្តី ក្រុមបំបែកខ្លួនរុស្ស៉ី Russian Volunteer Corps បានចេញសេចក្តីថ្លែងការណ៍ថាសមាជិកនៃក្រុម Polish Volunteer Corps មនបានចូលរួម ក្នុងការវាយប្រហារឆ្លងដែនចូលទឹកដីរុស្ស៉ីទេ ដោយបញ្ជាក់ថាក្រុមនេះ ជាប់ពាក់ព័ន្ធតែនៅក្នុងកិច្ចការនាំអ្នកទោស ក៏ដូចជាការដឹកជញ្ជូនសម្ភារយោធានៅ តំបន់ព្រំដែនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាសូវី បានបញ្ជាក់ថា ខ្លួនមិនមានពាក់ព័ន្ធនឹងក្រុមយុទ្ធជនស្ម័គ្រចិត្តប៉ូឡូញ ដែលកំពុងប្រយុទ្ធដើម្បីទីក្រុងកៀវនោះទេ ហើយថាសកម្មភាពរបស់ អ្នកស្ម័គ្រចិត្តប៉ូឡូញដែលគាំទ្រអ៊ុយក្រែន មិនគួរត្រូវបានចាត់ទុកថាជាប់ពាក់ព័ន្ធនឹងអាជ្ញាធរនៃសាធារណរដ្ឋប៉ូឡូញនោះទេ៕