(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍បាននិយាយថា រុស្ស៉ីកំពុងប្រើប្រាស់បណ្តាញអ្នកផ្គត់ផ្គង់មួយ ដើម្បី គេចវេសពីទណ្ឌកម្មអន្តរជាតិ ដែលកំណត់គោលដៅរារាំងទីក្រុងមូស្គូពីការផលិតមីស៉ីល និងអាវុធផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានលើកឡើងដោយមិនបញ្ចេញឈ្មោះប្រទេស ឬក្រុមហ៊ុនដែលកំពុងជួយរុស្ស៉ី ក្នុងការទទួលបានបច្ចេកវិទ្យា ផលិត ជាមួយនិងការសង្កត់ធ្ងន់លើការផលិតមីស៉ីល។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ជាអកុសល រដ្ឋភេរវករ (រុស្ស៉ី) អាចប្រើប្រាស់បច្ចេកវិទ្យារបស់ ពិភពលោកតាមរយៈបណ្តាញផ្គត់ផ្គង់ ដើម្បីជៀសផុតពីទណ្ឌកម្មអន្តរជាតិ»។ លោក ហ្សេលេនស្គី បានបន្ថែមថា អ៊ុយក្រែនបានដឹងយ៉ាងច្បាស់អំពីកិច្ចខិតខំ ប្រឹងប្រែងទាំងអស់របស់រុស្ស៉ី ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម ហើយស្វែងរកការផលិតប្រភេទមីស៉ីលដែលពិភពលោកគ្មាន។

គួរបញ្ជាក់ថា រុស្ស៉ី បានបើកការបាញ់ស្រោចមីស៉ីលលើអ៊ុយក្រែន ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។ បើតាមជំនួយការជាន់ខ្ពស់របស់លោក ហ្សេលេនស្គី កាលពីខែមេសា កងកម្លាំងអ៊ុយក្រែនបានរកឃើញនូវការកើនឡើងសមាសធាតុផ្សំពីប្រទេសចិន នៅក្នុងអាវុធដែលរុស្ស៉ីកំពុងប្រើប្រាស់នៅអ៊ុយក្រែន ចំពោះមុខ ការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យ៉ាងនេះក្តី ចិនបានបដិសេធលើបញ្ជូនសម្ភារយោធាទៅឲ្យរុស្ស៉ី៕