(មូស្គូ)៖ ប៉ូលិសរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានចាប់ខ្លួនមនុស្សច្រើនជាង ១០០នាក់ ដែលបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវដើម្បីប្រារព្ធ ពិធីខួបកំណើតឈានចូលវ័យ ៤៧ឆ្នាំ របស់លោក អាឡិចសី ណាវ៉ាល់នី (Alexei Navalny) ជាមេដឹកនាំប្រឆាំងរុស្ស៉ីដ៏លេចធ្លោរម្នាក់កំពុងជាប់ឃុំ ក្នុងពន្ធនាគារ។ នេះបើតាមអង្គការសង្គមស៊ីវិល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

អង្គការសិទ្ធិមនុស្ស OVD-Info បាន​ឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មនុស្ស ១០៩នាក់ ត្រូវបានប៉ូលិសរុស្ស៉ីចាប់ខ្លួន នៅតាមទីក្រុងចំនួន ២៣ ទូទាំង ប្រទេសរុស្ស៉ី គិតត្រឹមម៉ោង ១០៖៤២នាទីយប់ កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងទីក្រុងមូស្គូ)។ អាជ្ញាធររុស្ស៉ីត្រូវបានចោទប្រកាន់ថាបានបង្កើនយុទ្ធនាការបង្រ្កាប យ៉ាងចាស់ដៃលើក្រុមអ្នកប្រឆាំង ចាប់តាំងពីសង្រ្គាមឈ្លានពាននៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

ចំណែក លោក អាឡិចសី ណាវ៉ាល់នី កំពុងអនុវត្តទោសជាប់ពន្ធនាគារ ១១ឆ្នាំកន្លះ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំ និងបទប្រមាថតុលាការ ខណៈ ក្រុមអ្នកប្រឆាំងរិះគន់ថានេះគ្រាន់តែការព្យាយាមបំបិទមាត់លោក ណាវ៉ាល់នី និងក្រុមអ្នកប្រឆាំងតែប៉ុណ្ណោះ៕