(មូស្គូ)៖ រុស្ស៉ី បានអះអាងថាកងកម្លាំងរបស់ខ្លួន បានបង្រ្កាបការវាយកលុកទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន នៅក្នុងតំបន់ដូណេត ដោយសម្លាប់កងទាហាន អ៊ុយក្រែន ២៥០នាក់ និងកម្ទេចរថក្រោះ រួមទាំងរថពាសដែកជាច្រើនគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើឆាណែលតេឡេក្រាម នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា សត្រូវបាន បើកការវាយលុកទ្រង់ទ្រាយធំមួយ លើទីតាំងចំនួន៥ នៃសមរភូមិមុខក្នុងទិសដៅទៅភាគខាងត្បូងនៃតំបន់ដូណេត»។ ក្រសួងបន្ថែមទៀតថាគោលដៅរបស់ អ៊ុយក្រែន គឺវាយទម្លុះខ្សែការពាររបស់រុស្ស៉ី តែការវាយប្រហារនេះមិនបានទទួលជោគជ័យឡើយ ហើយកងកម្លាំងរុស្ស៉ីបានសម្លាប់ទាហានអ៊ុយក្រែន ២៥០នាក់ ព្រមទាំងកម្ទេចរថក្រោះ ១៦គ្រឿង និងរថពាសដែកជាច្រើនគ្រឿងទៀត។

គួរបញ្ជាក់ថា ខាងភាគីអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការអះអាងរបស់រុស្ស៉ី ដែលកើតឡើងចំពេលទីក្រុងកៀវ បញ្ជាក់ថា ត្រៀមខ្លួនជាស្រេច ដើម្បីបើកប្រតិបត្តិការវាយបក ដណ្ដើមយកទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់មកវិញ៕