(ប៉េកាំង)៖​ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្ស ១៤នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង៥នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះបាក់ដីកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅទីក្រុង Leshan ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។

អាជ្ញាធរបានគូសបញ្ជាក់ថា ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​​ព្រឹក នៅ​កសិដ្ឋាន​ព្រៃ​មួយ​ក្នុង​ទីប្រជុំជន Yongsheng សង្កាត់ Jinkouhe នៃ​ទីក្រុង Leshan។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ដោយមានបុគ្គលិកសង្គ្រោះជាង ១៨០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងនោះ ដើម្បីបន្តស្វែងរកអ្នកដែលបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទីក្រុង Leshan អស់រយៈពេលពីរថ្ងៃ មុនពេល សោកនាដកម្មនេះបានកើតឡើង។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈឆ្នាំនេះ នៅក្នុងព្រឹត្តិការណ៍សោកនាដកម្មមួយ នៅអណ្តូងរ៉ែធ្យូងថ្មភាគខាងជើងប្រទេសចិន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់ និង ៤៩នាក់បាត់ខ្លួន៕