(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) នៅថ្ងៃអាទិត្យនេះ បាននិយាយថា ប្រទេសរបស់លោក នឹងបញ្ជូននាវាយោធាចំនួន២គ្រឿង មកកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅឆ្នាំ២០២៤ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងចិននិងតៃវ៉ាន់ និង​ជុំវិញបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងកំលុងវេទិកាសន្តិសុខតំបន់អាស៉ី Shangri-La Dialogue នៅឯប្រទេសសិង្ហបុរី លោក ភីស្តូរៀស បានលើកឡើងថា បណ្តាប្រទេសនានាត្រូវតែក្រោកឈរឡើង ដើម្បីសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើក្បួនច្បាប់ ព្រមទាំងដើម្បីការការពារច្រកផ្លូវឆ្លងកាត់សំខាន់ៗតាមដែនសមុទ្រ។ លោកប្រមុខការពារជាតិអាល្លឺម៉ង់ បាននិយាយដូច្នេះថា «ដើម្បីគោលដៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជូននាវាចម្បាំងប្រភេទ frigate ១គ្រឿង មកកាន់ឥណ្ឌូប៉ាស៉ីហ្វិកកាលពីឆ្នាំ២០២១ ហើយនឹងបញ្ជូននាវាយោធាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ដោយលើកនេះគឺនាវាចម្បាំងប្រភេទ frigate ១គ្រឿង រួមជាមួយនាវាយោធាប្រភេទផ្គត់ផ្គង់១គ្រឿង មកកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក»

លោក ភីស្តូរៀស បានបន្ថែមថា គម្រោងចល័តនាវាយោធាទាំង២គ្រឿងខាងលើ ពុំមានគោលដៅប្រឆាំងប្រទេសណាមួយឡើយ។ បើតាមការអះអាងរបស់លោក សកម្មភាពនោះគឺដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលប្រទេសទាំងអស់បានយល់ព្រមគោរពតាម ហើយគួរតែទទួលបានអត្ថប្រយោជន៍ពីវា មិនថានៅសមុទ្រមេឌីទែរ៉ាណេ ឆកសមុទ្របង់ហ្កាល់ ឬនៅសមុទ្រចិនខាងត្បូង នោះឡើយ។

គួរបញ្ជាក់ថា តាមរយៈការបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់ឥណ្ឌូប៉ាស៉ីហ្វិក អាល្លឺម៉ង់កំពុងដើរខ្សែបន្ទាត់ដ៏ស្តើងមួយ រវាងផលប្រយោជន៍ផ្នែក​សន្តិសុខនិងផ្នែកសេដ្ឋកិច្ច ដ្បិតចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ទីក្រុងបែរឡាំង។ កាលពីឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់មួយគ្រឿង បានធ្វើដំណើរមកកាន់សមុទ្រចិនខាងត្បូងជាលើកដំបូង គិតក្នុងរយៈពេលជិត២០ឆ្នាំ។ ប្រមាណជា៤០ភាគរយ នៃលំហូរពាណិជ្ជកម្មបរទេសរបស់​អឺរ៉ុប គឺត្រូវឆ្លងកាត់តំបន់សមុទ្រនេះ ជាទីដែលមានបញ្ហាវិវាទរវាងចិន ហើយប្រទេសមួយចំនួនទៀត នៅក្នុងតំបន់៕