(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៃប្រទេសចិន នាថ្ងៃអាទិត្យនេះ ខណៈទីក្រុងវ៉ាស៉ីនតោនព្យាយាមបង្កើន ការទាក់ទងគ្នាជាមួយទីក្រុងប៉េកាំង ក្នុងគ្រាដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពដ៏តានតឹងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

កំលុងការបំពេញទស្សនកិច្ចនៅចិន លោក ដានីញែល គ្រីថិនប៊្រីង (Daniel Kritenbrink) ដែលជាមន្រ្តីជាន់ខ្ពស់ការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ានិងប៉ាស៉ីហ្វិក នឹងពិភាក្សាអំពីបញ្ហាគន្លឹះៗនៅក្នុងទំនាក់ទំនងទ្វេភាគី ហើយលោកក៏នឹងត្រូវបានរួមដំណើរដោយ លោកស្រី សារ៉ា បេរែន (Sarah Beran) ដែលជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចិននិងតៃវ៉ាន់ នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស ជំនួបផ្លូវការរបស់លោកជាមួយក្រុមមន្រ្តីចិន នឹងចាប់ផ្តើមនៅថ្ងៃចន្ទស្អែកនេះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គ្រីថិនប៊្រីង កើតមានឡើង ក្រោយការបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែឧសភា ដោយនាយកទីភ្នាក់ងារចារកម្មអាមេរិក CIA លោក វីលៀម បឺន (William Burns)។ បើតាមក្រុមមន្រ្តីអាមេរិក លោក បឺន បានសង្កត់ធ្ងន់អំពី​សារសំខាន់នៃការរក្សាខ្សែបណ្តាញទាក់ទងផ្នែកចារកម្ម កំលុងជំនួបជាមួយសមភាគីរបស់លោក។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ក៏បានរិះគន់ចិនផងដែរ សម្រាប់ការបដិសេធរៀបចំកិច្ចពិភាក្សា រវាងយោធារវាងប្រទេសទាំងពីរ។

ចំណែក កាលពីកុម្ភៈ ឆ្នាំនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីងខិន (​Antony Blinken) បានលុបចោលគម្រោងបំពេញទស្សនកិច្ចទៅប្រទេសចិន ក្រោយកើតមានឧប្បត្តិហេតុបាឡុងនៅលើដែនអាកាសសហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ជាបាឡុងស៉ើបការណ៍របស់ទីក្រុងប៉េកាំង។ ទោះជាបែបនេះក្តី សេតវិមានធ្លាប់បាននិយាយថា កំពុងមានកិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលឱ្យ​មានការបំពេញទស្សនកិច្ចទៅកាន់ចិន ដោយលោក ប៊្លីនខិន ក៏ដូចជាដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo)៕