(បែរឡាំង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) បានអំពាវនាវឱ្យប្រទេសចិន ឈប់អូសទាញអតីតពីឡុតយោធាអាល្លឺម៉ង់ ដើម្បីយកទៅផ្តល់ការហ្វឹកហាត់ដល់ កងកម្លាំងពីឡុតរបស់ខ្លួនតទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

«ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា ខ្ញុំចង់ឱ្យគោលនយោបាយនេះ ត្រូវបញ្ឈប់ជាបន្ទាន់»។ លោក ភីស្តូរៀស បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ក្រោយជំនួបជាមួយសមភាគីចិនរបស់លោក នៅឯវេទិកាសន្តិសុខធំមួយប្រចាំតំបន់អាស៉ីគឺ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។ លោក ភីស្តូរៀស បានបន្ថែមថា រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) មិនបានបដិសេធចំពោះ វិធីសាស្រ្តនៃការជួលក្រុមអតីតពីឡុតយោធាអាល្លឺម៉ង់នេះឡើយ ប៉ុន្តែលោក លី បាន​និយាយបន្ទាបសារសំខាន់របស់វា។

កំលុងជំនួបជាមួយប្រមុខការពារជាតិចិន លោករដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ក៏បានលើកឡើងផងដែរអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ នូវសណ្តាប់ធ្នាប់​ដែលផ្អែកលើច្បាប់អន្តរជាតិ នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ហើយលោកបានសង្កត់ធ្ងន់អំពីសារសំខាន់ នៃសេរីភាពការធ្វើនាវាចរណ៍នៅក្នុង​តំបន់នេះថែមទៀតផង ដើម្បីរក្សាឱ្យច្រកផ្លូវធ្វើដំណើរនិងច្រកធ្វើពាណិជ្ជកម្មតាមដែនសមុទ្រ នៅតែបើកចំហ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាល្លឺម៉ង់ Spiegel អតីតពីឡុតអាល្លឺម៉ង់ បាននិងកំពុងបង្ហាត់បង្រៀនក្រុមពីឡុតយោធាចិនរាប់ឆ្នាំមកហើយ។ បើតាម Spiegel ក្រុមមន្រ្តីផ្នែកសន្តិសុខអាល្លឺម៉ង់ចាត់ទុកវាជាលទ្ធភាពខ្ពស់ ដែលថាក្រុមពីឡុតទាំងនោះប្រហែលជាបានផ្ទេរ នូវចំណេះជំនាញពិសេសផ្នែកយោធាដល់ពីឡុតចិន ដូចជាយុទ្ធសាស្រ្តធ្វើប្រតិបត្តិការសម្ងាត់​របស់កងកម្លាំងអាល្លឺំម៉ង់និងណាតូ (NATO) ជាដើម៕