(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងថ្កោលទោស ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានរៀបចំឱ្យមាន កិច្ចប្រជុំស្តីពីការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន នាពេលថ្មីៗកន្លងទៅនេះ តាមការទាមទារបែបបង្ខិតបង្ខំពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងជាមន្រ្តីដ៏មានឥទ្ធិពលម្នាក់ នៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសនេះ បាននិយាយថា កិច្ចប្រជុំខាងលើ គឺជាសញ្ញាមួយទៀតដែលស្តែងឱ្យឃើញថា ក្រុមប្រឹក្សាសន្តិសុខ UN បានបម្រើជាដៃជើងនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការទទួលយកការទាមទារបែបបង្ខិតបង្ខំរបស់ទីក្រុងវ៉ាស៉ីនតោន ដែលស្នើឱ្យ​មិនគោរពចំពោះ សិទ្ធិរបស់ប្រទេសកូរ៉េខាងជើង ក្នុងការអភិវឌ្ឍវិស័យអវកាស។

ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA អ្នកនាង គីម បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនពេញចិត្តជាខ្លាំង ចំពោះការដែលក្រុមប្រឹក្សាសន្តិសុខ UN តែងតែរិះគន់មកលើការអនុវត្តសិទ្ធអធិបតេយ្យរបស់យើង តាមការចង់របស់សហរដ្ឋអាមេរិកជានិច្ច ហើយខ្ញុំថ្កោលទោសនិងច្រានចោលដាច់អហង្ការចំពោះទង្វើបែបនេះ ដោយចាត់ទុកវាថា ជាសកម្មភាពអយុត្តិធម៌និងរើសអើងជាទីបំផុត នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការរំលោភបំពានមកលើ អធិបតេយ្យរបស់យើង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាពីការប៉ុនប៉ង​របស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍លើកដំបូងរបស់ខ្លួន ទៅកាន់គន្លងអវកាស ដែលបានទទួលបរាជ័យក្រោយរ៉ុក្កែត​និងផ្កាយរណបបានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ៕