(តៃប៉ិ)៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា កងទ័ពជើងទឹករបស់ខ្លួន និងនាវាចម្បាំងកាណាដាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃសៅរ៍នេះ ដែលជាបេសកកម្មរួមគ្នាដ៏កម្រលើផ្លូវទឹកដ៏រសើបមួយនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

កងនាវាចរទី ៧របស់កងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវា USS Chung-Hoon និងនាវា HMCS Montreal របស់កាណាដា បានអនុវត្តសកម្មភាព «តាមទម្លាប់» ដោយធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកដែលមានសេរីភាពនៃការធ្វើនាវាចរណ៍ និងប្រតិបត្តិការហោះហើរស្របតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រតិបត្តិការនាវាទ្វេភាគីតាមរយៈច្រកសមុទ្រតៃវ៉ាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងដៃគូចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។

គួរបញ្ជាក់ថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក តែងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងមួយខែម្តង ប៉ុន្តែវាជារឿងដ៏ចម្លែកសម្រាប់ការធ្វើដូច្នេះជាមួយសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក៕