(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយថាប្រទេសមួយចំនួន មិនបានអើពើចំពោះសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើងនោះទេ ហើយដែលការធ្វើបែបនេះ បាន និងកំពុងគំរាមកំហែងធ្វើឱ្យការអនុវត្តទណ្ឌកម្មរបស់ UN ប្រឆាំងនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរនៃទីក្រុងព្យុងយ៉ាង មានភាពទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងនៅឯសុន្ទរកថាមួយទៅកាន់វេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក លី ជុងស៊ុប (Lee Jong-sup) រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «ការមិនអើពើនេះ បានបង្កើតចន្លោះប្រហោងនៅក្នុងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានអនុម័តឡើងដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ការជ្រើសរើសមិនធ្វើសកម្មភាពអ្វីសោះ ចំពោះសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង នឹងមិនត្រឹមតែធ្វើឱ្យស្ថានការណ៍សន្តិសុខលើតំបន់ ឧបទ្វីបកូរ៉េ និងក្នុងតំបន់ប៉ាស៊ីហ្វិក កាន់តែអាក្រក់ឡើងប៉ុណ្ណោះទេ តែវាក៏បង្កផលវិបាកដល់ពិភពលោកទាំងមូលផងដែរ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងរូបនេះ មិនបាននិយាយចំឈ្មោះប្រទេសណាមួយ ដែលលោកបានអះអាងថាមិនអើពើនឹងសកម្មភាពខុសច្បាប់របស់ កូរ៉េខាងជើងនោះទេ។ ប៉ុន្តែ ការអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីចិន និងរុស្ស៉ី កាលពីថ្ងៃសុក្រសប្ដាហ៍នេះមិនបានអើពើឡើយចំពោះការអំពាវនាវពីសហរដ្ឋអាមេរិក ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសកូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាមួយ កាលពីថ្ងៃពុធ កន្លងទៅ តែទទួលបរាជ័យ ដោយលើកឡើងថាសហរដ្ឋអាមេរិកជាអ្នកបង្កឱ្យមានភាពតានតឹងលើតំបន់ឧបទ្វីបកូរ៉េ៕