(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីកសាងការឯកភាពគ្នា ជុំវិញធាតុស្នូលនៃ «សន្តិភាពដ៏យូរអង្វែង» ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ​ ទី០២​ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងវ៉ាស៊ីនតោនក៏នឹងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើមរបស់បណ្តាប្រទេសផ្សេងទៀត ក្នុងការបញ្ចប់ជម្លោះ ដរាបណាពួកគេគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់អ៊ុយក្រែន។

ថ្លែងនៅប្រទេសហ្វាំងឡង់ ដែលជាសមាជិកថ្មីបំផុតរបស់សម្ព័នយោធាណាតូ លោក Blinken បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែង មិនថាកិច្ចខិតខំប្រឹងប្រែងនោះធ្វើឡើងដោយប្រទេសប្រេស៊ីល ចិន ឬប្រទេសណាមួយផ្សេងទៀតនោះទេ ប្រសិនបើពួកគេជួយស្វែងរកផ្លូវទៅកាន់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

ទោះយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រអ៊ុយក្រែនផ្នែកយោធា ខណៈដែលលក្ខខណ្ឌចាំបាច់សម្រាប់ទំនាក់ទំនងការទូតដ៏មានអត្ថន័យ គឺថាកៀវត្រូវតែមានសមត្ថភាពរារាំង និងការពារប្រឆាំងនឹងការឈ្លានពានណាមួយនាពេលអនាគត។

លោក Blinken បានសង្កត់ធ្ងន់ថា «សង្រ្គាមឈ្លានពានរបស់ពូទីនប្រឆាំងនឹងអ៊ុយក្រែនគឺជាការបរាជ័យជាយុទ្ធសាស្ត្រ» ហើយថា​ សហរដ្ឋអាមេរិកនឹងជួយកសាង «យោធាអ៊ុយក្រែននាពេលអនាគត»៕