(វីលនីញូស)៖ ទីភ្នាក់ងារវិនិយោគរបស់រដ្ឋាភិបាលលីទុយអានី បានឱ្យដឹងថាក្នុងសប្តាហ៍នេះថា តៃវ៉ាន់បានបរិច្ចាគថវិកា៥លានដុល្លារ មកកាន់គម្រោងដឹកនាំដោយលីទុយអានី ដែលមានគោលដៅជួយអ៊ុយក្រែនស្ថាបនាប្រទេសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

លីទុយអានីបាននិយាយថា រដ្ឋាភិបាលខ្លួនបានចំណាយប្រាក់ប្រហែល៩.៨លានអឺរ៉ូហើយ (៩.២លានដុល្លារអាមេរិក) ក្នុងកិច្ចប្រឹងប្រែង​ជួយស្ថាបនាអ៊ុយក្រែនឡើងវិញ ខណៈថវិកាដែលតៃវ៉ាន់បានចូលរួមចំណែក នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការសាងសង់សាលារៀន និង​ការទិញសម្ភារវិស័យអប់រំ។

លោក រ៉យ ឈុនលី (Roy Chun Lee) អនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា «តៃវ៉ាន់មើលឃើញអ៊ុយក្រែន ប្រៀបដូចជារូបភាពរបស់ខ្លួនផ្ទាល់ ដោយគ្រាន់តែស្ថិតនៅទ្វីបខុសគ្នា។ យើងទាំងពីរសុទ្ធតែប្រឈមមុខជាមួយរបប ដែលមិនខ្មាស់អៀន​ក្នុងការប្រើប្រាស់កម្លាំងបាយ ដើម្បីបង្ខំទស្សនពិភពលោករបស់ពួកគេ មកលើអ្នកដទៃនោះឡើយ។ ប្រសិនបើថ្ងៃណាមួយ តៃវ៉ាន់ប្រឈម​​ការសម្លុតគំរាមយោធាក្នុងកម្រិតកាន់តែខ្លាំងពីចិន យើងក៏នឹងរំពឹងទទួលបានការជួយគាំទ្រពីអ្នកវិញផងដែរ ពោលគឺដូចដែលយើងកំពុង​ជួយអ៊ុយក្រែនយ៉ាងដូច្នោះ»

គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២២ ចិនបានទម្លាក់កម្រិតចំណងការទូតរបស់ខ្លួនជាមួយលីទុយអានី ហើយបានអំពាវនាវឱ្យប្រទេសផ្សេង​ទៀត កាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងវីលនីញូសថែមទៀតផង បើចង់បន្តនៅអាចចូលមកកាន់ទីផ្សារដ៏ធំសម្បើមរបស់ចិន។ ទីក្រុងប៉េកាំង​បានធ្វើបែបនោះ បន្ទាប់ពីលីទុយអានីបានសម្រេចទទួលឱ្យតៃវ៉ាន់បើកការិយាល័យតំណាង នៅក្នុងប្រទេសខ្លួន៕