(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនថ្ងៃព្រហស្បតិ៍ (១មិថុនា) បានបង្ហាញផែនការថវិកាចំនួន ២៥ពាន់លានដុល្លារអាមេរិកដើម្បីពង្រីកការគាំទ្រដល់យុវជន និងក្រុមគ្រួសារ ដើម្បីជួយជំរុញអត្រាកំណើតដែលធ្លាក់ចុះយ៉ាងខ្លាំងរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងថវិកានេះគឺជាការឧបត្ថម្ភធនដោយផ្ទាល់បន្ថែមទៀត សម្រាប់អ្នកដែលមានកូន សម្រាប់ការអប់រំ និងការថែទាំមុនពេលសម្រាល ក៏ដូចជាការលើកកម្ពស់ការងារដែលអាចបត់បែនបាន និងការឈប់សម្រាកលំហែមិត្តភាពជាដើម។

លោក Fumio Kishida បាននិយាយថា លោកកំពុងស្នើឡើងនូវ«គោលនយោបាយដើម្បីទប់ទល់នឹងការធ្លាក់ចុះ នៃអត្រាកំណើតនៅលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក» និងវិធានការដើម្បី «បង្កើនប្រាក់ចំណូលរបស់យុវជន និងការចិញ្ចឹមបីបាច់កុមារ»។

ប្រទេសជប៉ុនមានប្រជាជនវ័យចំណាស់ជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ហើយច្បាប់អន្តោប្រវេសន៍ដ៏តឹងរឹងរបស់ខ្លួនមានន័យថា ប្រទេសនេះនឹងប្រឈមនឹងកំណើនកង្វះកម្លាំងពលកម្ម។

ប្រទេសដែលមានចំនួន១២៥លាននាក់មួយនេះ បានកត់ត្រាកំណើតតិចជាង ៨០០,០០០នាក់កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុត ខណៈពេលដែលការចំណាយលើការថែទាំមនុស្សចាស់បានកើនឡើង។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Kishida បាននិយាយថា លោកចង់ចំណាយថវិកាប្រហែល ៣.៥ ពាន់ពាន់លានយ៉េន ឬស្នើប្រហែលនឹង ២៥ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំខាងមុខ សម្រាប់អនុវត្តគោលនយោបាយនេះ៕