(អូស្លូ)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា «សម្ព័ន្ធមិត្តណាតូទាំងអស់យល់ស្របថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពនេះ» យ៉ាងពិតប្រាកដ ហើយរុស្ស៉ីមិនអាចវេតូប្រឆាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី០១ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង Oslo លោក Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់បានយល់ព្រមថា «ទ្វាររបស់ណាតូគឺបើកចំហសម្រាប់សមាជិកថ្មីបន្ថែមទៀត»

លោកបាននិយាយថា «សម្ព័ន្ធមិត្តទាំងអស់ក៏យល់ព្រមថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធមិត្តយោធានេះ ហើយសម្ព័ន្ធមិត្តទាំងអស់យល់ស្របថា វាគឺសិទ្ធិរបស់សម្ព័ន្ធមិត្តអង្គការណាតូ និងអ៊ុយក្រែន ក្នុងការសម្រេចចិត្តនៅពេលដែលអ៊ុយក្រែនក្លាយជាសមាជិក»

លោកបានសង្កត់ធ្ងន់ថា «សម្រាប់ទីក្រុងមូស្គូ គឺមិនអាចវេតូប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូនោះទេ។ ប៉ុន្តែសំខាន់បំផុត សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា កិច្ចការបន្ទាន់ និងសំខាន់បំផុតនាពេលនេះគឺដើម្បីធានាថា អ៊ុយក្រែនមានជ័យជំនះក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព...»