(មូស្គូ)៖ ប្រតិកម្មរបស់រដ្ឋាភិបាលរុស្ស៉ីចំពោះការវាយប្រហារដោយយន្ដហោះដ្រូនលើទីក្រុងមូស្គូ រួមទាំងការលុកលុយចូលទឹកដីរុស្ស៉ីពីសំណាក់ក្រុមទាហានប៉ារ៉ា ដែលវិមានក្រឹមឡាំងផ្ទាល់ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយ មានភាពស្ងៀមស្ងាត់ និងហាក់ដូចជាមិនមានអ្វីកើតឡើងទាល់តែសោះ។ លោក ពូទីន នៅតែរក្សាភាពស្ងប់ស្ងាត់ រីឯក្រុមមន្ត្រីរបស់លោកគិតតែពីនិយាយពីជោគជ័យឥតឈប់ឈរ។

គេនៅចំាបានថានៅក្នុងជំនួបជាមួយយោធា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ពូទីន បាននិយាយថា «យើងទើបតែចាប់ផ្ដើមប៉ុណ្ណោះ» ដែលនេះមើលទៅ វិមានក្រឹមឡាំងបានដឹងយ៉ាងច្បាស់ពីអ្វីដែលខ្លួនបាន និងកំពុងធ្វើ។ ក្នុងពេលជាមួយគ្នានោះ ក៏មានការជជែកវែកញែកជាច្រើនផងដែរពី «បន្ទាត់ក្រហម» នោះគឺថា តើរុស្ស៉ី ឬលោក ពូទីន មាន «បន្ទាត់ក្រហម» ដែរឬទេ? ខណៈក្រុមមន្ត្រីរុស្ស៉ីបានព្រមានជារឿយៗថាការដើរឆ្លងបន្ទាត់ក្រហមអាចនឹងបង្កទៅជាគ្រោះមហន្តរាយ មិនធ្លាប់មានសម្រាប់មនុស្សជាតិទាំងមូល។

ប៉ុន្តែ ក្រោយការសម្លុតគំរាម ការវាយប្រហារលើរុស្ស៉ី រួមទាំងការបរាជ័យរបស់ទាហានរុស្ស៉ីនៅអ៊ុយក្រែន បានកើតឡើងជាបន្តបន្ទាប់។ ចាប់ផ្ដើមមុនគេដោយការធ្វើ ឃាតកូនស្រីអ្នកជាតិនិយមម្នាក់នៅលើទឹកដីរុស្ស៉ី ការដកថយរបស់កងទ័ពរុស្ស៉ីចេញពីតំបន់ខាកៀវ ការវាយប្រហារបំផ្ទុះគ្រាប់បែកបំផ្លាញស្ពានគ្រីមៀ ការដកថយ ចេញពីទីក្រុង ខឺសុន ព្រមទាំងការវាយប្រហារដោយមីស៊ីលផ្ដាច់ជីវិតទាហានរុស្ស៉ីជាច្រើននាក់ នៅឯមូលដ្ឋានយោធាបណ្ដោះអាសន្នមួយក្នុងទីក្រុង Makiivka។ ភាពអសកម្ម ក្នុងការធ្វើប្រតិកម្មឆ្លើយតបនេះ បានធ្វើឱ្យក្រុមអ្នកវិភាគលោកខាងលិចមួយចំនួនយល់ថាការសម្លុតគំរាមកន្លងមករបស់លោក ពូទីន គ្រាន់តែជា ការកម្លាប៉ុណ្ណោះ រហូតដល់ថ្នាក់ធ្វើឱ្យបណ្ដាប្រទេសលោកខាងលិចដែលធ្លាប់តែភ័យខ្លាច ហ៊ានបញ្ជូនរថក្រោះ និងថែមទាំងយល់ព្រមបញ្ជូនយន្ដហោះចម្បាំង ឱ្យទីក្រុងកៀវទៀតផង ទោះជាមានការព្រមានពីក្រឹមឡាំងក៏ដោយ។

ការវាយប្រហារដោយយន្ដហោះដ្រូនលើសង្កាត់អ្នកមាន ក្នុងទីក្រុងមូស្គូ និងការលុកលុយរបស់ទាហានប៉ារ៉ា ក្នុងតំបន់ Belgorod លើទឹកដីរុស្ស៉ី ត្រូវបានគេមើលឃើញ ថាសុទ្ធតែជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិរុស្ស៉ីទាំងមូល។ តែប្រតិកម្មឆ្លើយតបរបស់ទីក្រុងមូស្គូ ចំពោះព្រឹត្តិការណ៍ទាំងនេះមានភាពស្ងប់ស្ងាត់មិនគួរឱ្យជឿ ដូចជាមិនមានរឿងអ្វីកើតឡើងទៅវិញ ដោយក្រុមមន្ត្រីរុស្ស៉ីប្រឹងនិយាយបន្ធូរបន្ថយស្ថានការណ៍ អួតពីជោគជ័យនៃការទប់ស្កាត់ការវាយប្រហារ ដោយមិនឱ្យមានអ្នក ស្លាប់ និងបង្ហាញឱ្យគេគ្រប់គ្នាមើលឃើញថារុស្ស៉ីជាជនរងគ្រោះ។ ចំណែក លោក ពូទីនវិញ ក៏មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈជុំវិញការវាយប្រហារលើទីក្រុងមូស្គូ ភ្លាមៗនោះដែរ រហូតដល់អាជ្ញាធរគ្រប់គ្រងស្ថានការណ៍បាន ទើបលោកចេញមុខនិយាយដោយមិនបង្ហាញការខឹងសម្បារអ្វីទាំងអស់ ដោយគ្រាន់តែថា ការវាយប្រហារ នេះជាការប៉ុនប៉ងរបស់អ៊ុយក្រែន ដើម្បីបំភិតបំភ័យប្រជាជនរុស្ស៉ី និងចាត់ទុកជាអំពើភេរវកម្ម ខណៈកោតសរសើរពីប្រសិទ្ធភាពនៃប្រព័ន្ធការពារដែនអាកាស។

លើសពីនេះទៅទៀត នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើអ្វីទៅជាផែនការការងារបន្ទាប់របស់លោក ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំងបានឆ្លើយថា «បញ្ហា សេដ្ឋកិច្ច និងការជជែកជាមួយសហគ្រិន ការអប់រំ និងវិស័យដទៃទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ច»។ តាមរយៈការបញ្ចេញកាយវិការហាក់មិនអើពើទៅនឹងការវាយប្រហារលើ ទឹកដីរុស្ស៉ី វិមានក្រឹមឡាំងចង់ផ្ញើសារមួយទៅកាន់ប្រជាជនរុស្ស៉ីថា «លោកប្រធានាធិបតីកំពុងប្រឹងប្រែងធ្វើការ រីឯវិមានក្រឹមឡាំងមិនបានចាត់ទុកការវាយប្រហារគឺជា ភាពអាសន្នមួយនោះទេ»។ នេះមិនមែនជារឿងចៃដន្យទេ តែវាគឺជាតាក់ទិកមួយរបស់លោក ពូទីន ដែលធ្លាប់តែលើកឡើងជាញឹកញាប់ពីការអត់ធ្មត់របស់ប្រជាជនរុស្ស៉ី ការយល់ដឹងរបស់ពួកគេចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល និងការបង្ហាញសាមគ្គីភាពជាមួយការសម្រេចចិត្តទាំងនោះ។ នេះឯងគឺជាគោលការណ៍មួយនៃអន្តរកម្ម រវាងលោក ពូទីន ជាមួយសង្គមរុស្ស៉ី។ បានន័យថាទោះជាការវាយប្រហារនៅពេលអនាគតធ្វើឡើង ក្នុងកម្រិតណានោះទេ ក៏លោក ពូទីន មិនជឿនោះដែរថាវាអាចនឹង បង្កឱ្យប្រជាជនរុស្ស៉ីខឹងសម្បារជាមួយអាជ្ញាធរ។

ផ្ទុយទៅវិញ អ្វីដែលលោក ពូទីនភ័យខ្លាច នោះគឺ «ភាពច្របូកច្របល់»។ ពីព្រោះថាប្រសិនបើប្រជាជនរុស្ស៉ីមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់កាន់តែខ្លាំង ឡើង នោះអាជ្ញាធរអាចនឹងត្រូវចល័តធនធានបន្ថែមដើម្បីឆ្លើយតប ហើយនេះគឺដើរផ្ទុយពីយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំងដែលចង់រង់ចាំឱកាសល្អមកដល់នៅក្នុង សង្រ្គាមអ៊ុយក្រែន។ ដូច្នេះអ្វីដែលពួកគេអាចធ្វើបាន គឺរក្សាភាពស្ងៀមស្ងាត់ ហើយបើអាចធ្វើបាន បង្ហាញពីបរាជ័យទៅជាជោគជ័យ និងមិនភ័យខ្លាចពីការវាយប្រហារ។ ធ្វើបែបនេះបាន នោះវានឹងមិនចំាបាច់ធ្វើប្រតិកម្ម ឬត្រូវលេសដោះសារនោះឡើយ។

សរុបមកវិញ វាមានហេតុផលសំខាន់៣យ៉ាង ទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាលរុស្ស៉ីចំពោះការវាយប្រហារដោយន្ដហោះដ្រូនលើទីក្រុងមូស្គូ។ ទីមួយ៖ នោះគឺ ជំនឿចិត្តយ៉ាងមុតមាំរបស់លោក ពូទីន ចំពោះការអត់ធ្មត់របស់ប្រជាជនរុស្ស៉ី, ទី២៖ ការតាំងចិត្តរបស់អាជ្ញាធរបង្ហាញពីជោគជ័យ និងទី៣៖ នោះគឺវាអាចមកពី ការត្រៀមលក្ខណៈមិនបានល្អក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបៀបនេះ។ នៅក្នុងប្រព័ន្ធរុស្ស៉ី ការនៅស្ងៀម វាល្អប្រសើរជាងការបង្ហាញឱ្យគេឃើញ ពីភាពទន់ខ្សោយ។ ប៉ុន្តែ បញ្ហានៅត្រង់ថាតាក់ទិកបែបនេះគឺមានដែនកំណត់របស់វា ដ្បិតប្រជាជនរុស្ស៉ីចង់ឃើញពីរឹងមាំនៃមេដឹកនាំរបស់ពួកគេ តែសព្វថ្ងៃមេដឹកនាំ របស់ពួកគេបែរជាមើលទៅហាក់ដូចជាទន់ខ្សោយ និងច្របូកច្របល់ទៅវិញ៕