(ប៉េកាំង)៖ បន្ទាប់ពីរំលងអស់រយៈពេលបីឆ្នាំ លោក Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនTeslaអាមេរិកបានជាន់លើទឹកដីប្រទេសចិនម្តងទៀត។ នៅថ្ងៃទី៣០ខែឧសភា លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជា រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយគាត់។ លោកMuskបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនTeslaប្រឆាំងនឹង"ការកាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ហើយបានធ្វើការប្រៀបប្រដូចដ៏រស់រវើកមួយថា "ផលប្រយោជន៍រវាងអាមេរិកនិងចិនគឺរួយបញ្ចូលគ្នា ដូចជាកូនភ្លោះកាយជាប់គ្នាដែលមិនអាចបំបែកខ្លួនចេញពីគ្នាបាន"អ៊ីចឹង។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងជួបប្រទះនឹងការលំបាក លោកMuskបានបង្ហាញពីសំឡេងរបស់ឥស្សរជនមជ្ឈដ្ឋានសហគ្រាស របស់អាមេរិកជាច្រើន ហើយភាគីវ៉ាស៊ីនតោនគួរតែស្តាប់ដោយយកចិត្តទុកដាក់។

យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រុមហ៊ុនTesla បរិមាណផលិតពេញមួយឆ្នាំនៃរោងចក្រ នៅសៀងហៃរបស់ក្រុមហ៊ុនTeslaមានដល់៧សែន១ម៉ឺនគ្រឿងនៅឆ្នាំ២០២២ដែលលើសពីពាក់កណ្តាល នៃបរិមាណផលិតទូទាំងពិភពលោក។ ចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៣ ក្រុមហ៊ុនTeslaបានផលិតរថយន្តលើសពី ១សែន៧ម៉ឺនគ្រឿងនៅទីផ្សារប្រទេសចិន ដែលបានកើនឡើង៦១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ អ្នកវិភាគបានលើកឡើងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិនបាននាំគ្នាងើបឡើង ហើយការប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំងឡើង ពីថ្ងៃមួយទៅថ្ងៃមួយក៏ដោយ ក៏ប៉ុន្តែទីផ្សារប្រទេសចិននៅតែមាន សារសំខាន់ណាស់ចំពោះក្រុមហ៊ុនTeslaដែលជាក្រុមហ៊ុនយក្សក្នុងមុខរបរមួយនេះ។

គួររំលឹកថា ចាប់តាំងពីដើមឆ្នាំនេះមក ឧត្តមមន្រ្តីនៃសហគ្រាសធំៗរបស់អាមេរិកដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុនJPMorganChase និងក្រុមហ៊ុនGeneralMotorsជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយដំណើរទស្សនកិច្ចរបស់លោកMuskនៅប្រទេសចិនលើកនេះបានបន្តនូវបាតុភូតនេះ។ មួយផ្នែក រដ្ឋាភិបាលអាមេរិកកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីញុះញង់ឱ្យសហគ្រាសអាមេរិក "កាត់ផ្តាច់ទំនាក់ទំនង" និង"កាត់បន្ថយហានិភ័យ"ជាមួយប្រទេសចិន ហើយមួយផ្នែកទៀត ឧត្តមមន្ត្រីនៃសហគ្រាសអាមេរិកនាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន តើនេះមិនមែនជាភស្តុតាងដ៏ល្អបំផុតដែលអាចបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាឱកាសសម្រាប់ពិភពលោកទេឬ?

បើនិយាយពីវិស័យពាណិជ្ជកម្ម កន្លែងណាមានផលចំណេញច្រើន មូលធនក៏នឹងរត់ទៅទីនោះ នេះគឺជាក្រឹត្យក្រមសេដ្ឋកិច្ច។ យោងតាមការប៉ាន់ប្រមាណផ្លូវការរបស់ប្រទេសចិនបង្ហាញឱ្យដឹងថា អត្រានៃការទទួលផលចំណេញលើការវិនិយោគផ្ទាល់ របស់ពាណិជ្ជករបរទេសនៅប្រទេសចិនក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មានដល់៩.១ភាគរយ ខណៈពេលនៅអឺរ៉ុបនិងអាមេរិក មានត្រឹមតែប្រមាណ៣ភាគរយប៉ុណ្ណោះ ហើយអត្រានៃការទទួលផលចំណេញលើ ការវិនិយោគផ្ទាល់របស់តួរអង្គសេដ្ឋកិច្ចសំខាន់ៗ ដែលងើបឡើងថ្មីផ្សេងទៀត មានប្រមាណពី៤ភាគរយដល់៨ភាគរយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ សភាពាណិជ្ជកម្មអាមេរិកនៅភាគខាងត្បូងប្រទេសចិនបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ សហគ្រាសទុនអាមេរិកដែលផ្តល់បទសម្ភាសន៍ ដែលសម្រេចបាននូវផលចំណេញនៅប្រទេសចិនមានដល់៩០ភាគរយ។យោងតាមការស្ទង់ប្រជាមតិនៃសភាពាណិជ្ជកម្មអាមេរិក នៅប្រទេសចិនបង្ហាញឱ្យដឹងថា សហគ្រាសអាមេរិកនៅប្រទេសចិនចំនួន៦៦ភាគរយបានថ្លែងថា ពួកគេនឹងរក្សាឬបង្កើនការវិនិយោគនៅ ប្រទេសចិនក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ម៉្យាងវិញទៀត ការដែលសហគ្រាសអាមេរិកបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សារប្រទេសចិន គឺអាចបញ្ជាក់ថា ពួកគេបានឃើញយ៉ាងច្បាស់ថា ទីបំផុតការគាបសង្កត់និងទប់ស្កាត់ចំពោះប្រទេសចិន របស់រដ្ឋាភិបាលខ្លួន បណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សគ្រាស ហើយពួកគេមិនចង់ក្លាយជាអ្នកត្រូវពលីផ្នែកនយោបាយនោះទេ។
សេដ្ឋកិច្ចចិននិងអាមេរិកបានរួមបញ្ចូលគ្នាដោយស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរ គឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ហើយក៏មានអំណោយផល ដល់ពិភពលោកផងដែរ នេះគឺជាចំណេះដឹងទូទៅ ហើយក៏ជាហេតុផលដែលត្រូវបានបញ្ជាក់ម្តងហើយម្តងទៀត ដោយការអនុវត្តជាក់ស្តែងផងដែរ។ ជានិច្ចកាល ភាគីចិនតែងតែមានចិត្តស្មោះចំពោះ ការកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក។ ប៉ុន្តែនេះតម្រូវឱ្យអាមេរិកដើរតាមទិសដៅដូចគ្នា។ តើអ្នកធ្វើការសម្រេចចិត្តនយោបាយវ៉ាស៊ីនតោនដែលបាន"ព្យាករណ៍"ថា ទំនាក់ទំនងរវាងចិននិងអាមេរិកនឹងដើរចេញពីសភាពជាប់គាំងទាំងនោះ ពិតជាបានត្រៀមខ្លួនរួចរាល់ ដើម្បី"ជាន់ហ្វ្រាំង"បញ្ឈប់ទង្វើខុសឆ្គងនិង"ជាន់ហ្គែរ" ទៅមុខសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកហើយឬនៅ?

វិទ្យុមិត្តភាពកម្ពុជាចិន