(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃពុធនេះ បានដាក់ចេញនូវគោលនយោបាយអវកាស ដោយបង្ហាញពីហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ទាក់ទងនឹងលំហអវកាស និងតម្រូវការធ្វើការជាមួយដៃគូ ដែលមានគំនិតដូចគ្នាលើកិច្ចការពារសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

គោលនយោបាយនោះ មានចែងថា ការប្រកួតប្រជែងជាយុទ្ធសាស្រ្តនៅលើផែនដីកំពុងកើនឡើងកាន់តែខ្លាំងនៅក្នុងទីអវកាស ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពនៃដែនដីដ៏សំខាន់នេះ។ ដើម្បីសម្រេចគោលបំណងសន្តិសុខជាតិ រដ្ឋាភិបាលនូវែលសេឡង់ ក៏មានបំណងអភិវឌ្ឍ និងរក្សាសមត្ថភាពទីអវកាសក្នុងស្រុករបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា របាយការណ៍របស់កក្រុមហ៊ុន Deloitte ឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថា ឧស្សាហកម្មអវកាសរបស់នូវែលសេឡង់ បានផ្គត់ផ្គង់ដល់មនុស្សប្រហែល ១២,០០០នាក់ និងបានរួមចំណែក ១.០៧ពាន់លានដុល្លារដល់សេដ្ឋកិច្ច ជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុនមួយចំនួនដូចជា Rocket Lab និង Dawn Aerospace កំពុងធ្វើប្រតិបត្តិការនៅទីនោះ។

កាលពីឆ្នាំ២០២២ នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យប្រទេសទាំងពីរ ធ្វើការកាន់តែជិតស្និទ្ធនៅក្នុងវិស័យអវកាស។ Rocket Lab បានចាប់ផ្តើមបង្ហោះផ្កាយរណបសម្រាប់ NASA ។ ដោយសារតែទីតាំងរបស់ប្រទេសនូវែលសេឡង់ ស្ថិតនៅលើប្រភេទគន្លងដែលមានភាពងាយស្រួល ក្នុងការទៅដល់ទីតាំងដែលបានកំណត់៕