(ព្រុចសែល)៖ កងកម្លាំងណាតូ (NATO) បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅតំបន់អាក់ទិក ព្រមជាមួយនិងការសន្យាការពារសមាជិកថ្មីរបស់ពួកគេ គឺហ្វាំងឡង់ ដែលកំពុងធ្វើជាម្ចាស់ផ្ទះលើការហ្វឹកហ្វឺនរួមគ្នាជាលើកដំបូងនេះ ចាប់តាំងពីបានក្លាយសមាជិកណាតូ កាលពីខែមេសា។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

កងកម្លាំងនៃសម្ព័ន្ធមិត្តជិត ១,០០០នាក់ មកពីប្រទេសន័រវេស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាស៊ុយអែត ដែលកំពុងស្នើសុំចូលសមាជិកណាតូ នោះ ក៏បានចូលរួមជាមួយកងទ័ពហ្វាំងឡង់ប្រមាណ ៦,៥០០នាក់ និងយានចម្បាំងប្រហែល ១,០០០គ្រឿងសម្រាប់ការធ្វើសមយុទ្ធនៅសប្តាហ៍នេះ ដែលជា សមយុទ្ធនៃកងកម្លាំងដីគោកក្នុងសម័យកាលទំនើបដ៏ធំបំផុតរបស់ហ្វាំងឡង់ នៅពីលើរង្វង់តំបន់អាក់ទិក។ បើតាមទីបញ្ជាការកងទ័ពអាកាសណាតូ យន្តហោះចម្បាំង ប្រហែល ១៥០គ្រឿងមកពីប្រទេសចំនួន ១៤នៃសមាជិកណាតូ និងបណ្តាប្រទេសដៃគូក៏កំពុងចូលរួមក្នុងសមយុទ្ធ Arctic Challenge 2023 ផងដែរ។

សមយុទ្ធនេះ ធ្វើឡើងនៅឯទីលានហ្វឹកហាត់កាំភ្លើងធំដ៏ធំបំផុតមួយរបស់អឺរ៉ុប ក្នុងតំបន់រ៉ូវ៉ាចាវី (Rovajarvi) ស្ថិតនៅភាគខាងជើងប្រទេសហ្វាំងឡង់ ហើយ បើធ្វើដំណើរពីព្រំដែនរុស្ស៉ីមានរយៈពេលត្រឹមតែរយៈពេលពីរម៉ោងប៉ុណ្ណោះ។ ចំណែក ឧត្តមសេនីយ៍ទោអាមេរិក លោក ហ្រ្គេហ្កោរី អាន់ដឺសុន (Gregory Anderson) នៃកងពលធំ Mountain Division ទី១០ បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារហ្វាំងឡង់។

គួរបញ្ជាក់ថា ការបន្ថែមហ្វាំងឡង់ទៅក្នុងប្លុក NATO បានពង្រីកសម្ព័ន្ធភាពយោធាតាមបណ្តោយព្រំដែនជាមួយរុស្ស៉ីទ្វេដង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២មក៕