(គូឡាឡាំពួរ)៖ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា អាជ្ញាធរកំពុងសាកសួរនាវិកកប៉ាល់ចិន ដែលត្រូវបានឃុំខ្លួនក្រោមការសង្ស័យថា បានលួចបំណែកសម្ភារៈក្នុងខ្មោចនាវារបស់ចក្រភពអង់គ្លេស កាលពីសម័យសង្គ្រាមលោកលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា​ ឆ្នាំ២០២៣។

លោក Nurul Hizam Zakaria ប្រធានទីភ្នាក់ងារអនុវត្តដែនសមុទ្រម៉ាឡេស៊ី នៅប្រចាំរដ្ឋ Johor បាននិយាយថា ក្រុមមន្រ្តីបានរបស់លោករកឃើញសំបកគ្រាប់មិនទាន់ផ្ទុះ នៅលើកប៉ាល់របស់ចិន ដែលត្រូវបានឃាត់ខ្លួន សម្រាប់ការបោះយុថ្កាខុសច្បាប់កាលពីចុងសប្តាហ៍។

លោក Zakaria បានលើកឡើងយ៉ាងដូច្នេះថា «ការស៊ើបអង្កេតរបស់យើងឥឡូវនេះ គឺសំដៅទៅកន្លែងដែលគ្រាប់កាំភ្លើងទាំងនេះមានប្រភពមកពីណា។ ឥឡូវ​នេះ យើង​មាន​មន្ត្រី​មក​ពី​ច្រើន​ស្ថាប័ន​កំពុង​ស្វែង​រក​នាវា​ធំ​នោះ»

លោកគូសបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីឃាត់ទុកកប៉ាល់ចិនមួយគ្រឿង ដែលធ្វើដំណើចេញពីទីក្រុងកំពង់ផែ Fuzhou ដែលក្នុងនោះមាននាវិកចំនួន ៣២នាក់ រួមមានជនជាតិចិន ២១នាក់ បង់ក្លាដែស ១០នាក់ និងម៉ាឡេស៊ី ០១នាក់ ដែលខ្លះស្ថិតក្នុងការឃុំឃាំងដើម្បីសាកសួរចម្លើយ។

លោក​បន្ត​ថា​ «​ករណី​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​គ្រឿង​ផ្ទុះ​ផង​ដែរ​»

ក្រសួងការបរទេសចិនបាននិយាយថា ស្ថានទូតចិនប្រចាំប្រទេសម៉ាឡេស៊ីកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន «ដើម្បីយល់ពីស្ថានភាព»។ ក្រសួង​បាន​ស្នើ​ឲ្យ​ម៉ាឡេស៊ី​ដោះស្រាយ​ករណី​នេះ​ដោយ​យុត្តិធម៌ និង​ស្រប​តាម​ច្បាប់។ ទីក្រុងប៉េកាំងក៏បានស្នើឱ្យម៉ាឡេស៊ីការពារសិទ្ធិ និងសុវត្ថិភាពរបស់ពលរដ្ឋចិនផងដែរ។

មន្ត្រីជាន់ខ្ពស់ដែនសមុទ្រម៉ាឡេស៊ីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បំណែកលោហៈ និងសំបកមិនទាន់ផ្ទុះទាំងនោះ អាចមានប្រភពមកពីនាវាចម្បាំងអង់គ្លេសពីរគ្រឿងដែលបានលិច កាលពីសម័យសង្គ្រាមលោកលើកទី២។ នាវិកអង់គ្លេសជាង ៨០០នាក់ត្រូវបានសម្លាប់នៅពេលដែលនាវា HMS Prince of Wales និងនាវា HMS Repulse ត្រូវបានមីស៊ីល torpedo របស់ជប៉ុនបាញ់ពន្លិចនៅសមុទ្រចិនខាងត្បូង។

ការវាយប្រហារខាងលើ បានកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤១ បីថ្ងៃបន្ទាប់ពីប្រទេសជប៉ុនបានវាយប្រហារកងនាវាអាមេរិកនៅកំពង់ផែ Pearl Harbor រដ្ឋ Hawaii សហរដ្ឋអាមេរិក៕